អ្នកគាំទ្រផ្ទុះផ្អើលបែបនេះភ្លែត ក្រោយឃើញ ទេព បូព្រឹក្ស បង្ហោះរូបគ្រងឈុតហនុមាន Ranger
នៅថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០២២ នេះ តារាចម្រៀងវ័យក្មេង ទេព បូព្រឹក្ស បានបង្ហោះរូបភាពថ្មីប៉ុន្មានសន្លឹក ដោយរូបភាពនោះគឺតារាចម្រៀងរូបនេះ បានបង្ហាញខ្លួនជាមួយការគ្រងឈុតបែបកែច្នៃថ្មី ឈ្មោះ ហនុមាន Ranger។
ជាមួយនឹងការបង្ហោះរូបភាពនោះ តារាចម្រៀងវ័យក្មេង ទេព បូព្រឹក្ស ថែមទាំងបានភ្ជាប់ជាមួយសារមួយទៀត ដែលមានន័យសេចក្តីថា ៖ «ក្បាលក្រោមមេឃ ជើងជាន់ព្រះធរណី ចង់ដើរទៅមុខត្រូវពឹងលើជើងទាំងពីរ រឿងគួរមិនគួរ ត្រូវគិតវាឱ្យស្រួល ព្រោះនៅពេលដែលយើងដួល គេនឹងលែងឱ្យតម្លៃ»។
យ៉ាងណាមិញ ជាមួយរូបភាពថ្មី និង សារដែលតារាចម្រៀង ទេព បូព្រឹក្ស បង្ហោះនេះដែរ អ្នកគាំទ្រ និង បណ្តាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ស្រាប់តែផ្ទុះការគិតថា តារាចម្រៀងរូបនេះអាចនឹងមានគម្រោងចេញបទចម្រៀងថ្មីឆាប់ៗខាងមុនេះ។ បើងាកទៅមើលលោក ងួន ចាន់ដេវីដ ជាគូស្នេហ៍តារាចម្រៀងស្រីរូបនេះវិញ ក៏បានបង្ហើបគួរឱ្យសង្ស័យដែរថា ៖ «Why you alway spoiled your new song?» បន្ទាប់ពីចែករំលែងរូបភាព និង សារនេះ ពីតារាចម្រៀង ទេព បូព្រឹក្ស នោះ។
ទោះជាមានការគិតបែបនេះពិតមែន ប៉ុន្តែយ៉ាងណាយើងនៅមិនទាន់ដឹងច្បាស់ពីចេនាពិតរបស់តារាចម្រៀង ទេព បូព្រឹក្ស ក្រោយការបានបង្ហោះសារ និង រូបភាពបែបនេះឡើងដែរ។ ស្របគ្នានឹងការបង្ហោះរូបភាពថ្មីនេះទៀតសោត ក៏មានការលើកសរសើរដល់តារាចម្រៀង ទេព បូព្រឹក្ស ដែរថា នាងពិតជាស្រស់ស្អាតមួយបែប និង មើលទៅទាក់ទាញប្លែកភ្នែកខ្លាំងមិនធម្មតាទេ៕