ម៉ែលីណា ក្តៅឆេវពន្លះ Bella ផាំងៗថាខំជួយឱ្យល្បីហើយ តែគេបែរជាមើលរំលងខ្លួនវិញ
មួយរយៈក្រោយនេះ តារាលំដាប់ជួរមុខប្រចាំប្រទេសថៃ Bella Ranee ហាក់ជួបរឿងជាច្រើន ក្រោយបែកបាក់ស្នេហាជាមួយតារាប្រុស Weir ជាពិសេសពេលដែលតារាប្រុសរូបនោះបានដឹកដៃគូស្នេហ៍ថ្មីចូលរោងការ។
ស្របពេលមានរឿងអាស្រូវស្នេហា Bella ក៏មានរឿងល្អទាក់ទងនឹងការចេញខ្សែភាពយន្តថ្មី «បុព្វេសន្និវាស វគ្គ ២» ដែលកំពុងទទួលបានការគាំទ្រខ្លាំង ដោយគ្រាន់តែរយៈពេល ៣ ថ្ងៃនៃការចាក់បញ្ចាំងក្នុងប្រទេសថៃអាចរកចំណូលបានជាង ៣០០ លានបាត។
ជុំវិញរឿងអាស្រូវ និង រឿងល្អនេះ លោកស្រី លីណា ដែលជា Net Idol ល្បីម្នាក់ក្នុងប្រទេសថៃ ជាពិសេសលោកស្រីក៏ជាគណៈកម្មការកម្មវិធីបវរកញ្ញាចក្រវាលថៃ ឆ្នាំ ២០២២ មួយរូបផងដែរ បានចេញមុខលូកដៃក្នុងរឿងនេះ ដោយពន្លះ Weir ផាំងៗ ហើយលើកសរសើរ Bella ថា នាងស័ក្តិសមនឹងជួបបុរសដែលល្អជាង Weir អាចជាអ្នកមានហាយសូរ ឬ អ្នកជំនួញដូចតារាស្រី Chompoo Araya។
បន្ទាប់មកក្រោយរឿងនេះហាក់ស្ងប់ស្ងាត់បន្តិច លើកនេះលោកស្រី លីណា បែរជាចេញមុខមកពន្លះ Bella វិញផាំងៗថា ៖ «រឿងបុព្វេសន្និវាស ២ នេះ ខ្ញុំជាមនុស្សម្នាក់ដែលសាងផ្លូវឱ្យល្បី ម្ចាស់រឿងយកវីដេអូខ្ញុំទៅផុស Tik Tok គ្រប់ប្រព័ន្ធផ្សព្វផ្សាយ គ្រប់ទីកន្លែង ហើយកើបលុយយ៉ាងច្រើន ត្រឹម ៣ ថ្ងៃរកបាន ៣០០ លានបាតជាងបាត់ហើយ តែថាអញ្ជើញខ្ញុំទៅមើលតែបន្តិចក៏គ្មាន មិនចែកសំបុត្រ ថ្ងៃសម្ពោធក៏មិនអញ្ជើញទៅ ប្រើខ្ញុំជាឧបករណ៍ធ្វើឱ្យខ្លួនឯងក្លាយជាអ្នកមាន»។
«នែ៎! Bella មិននឹកដល់ ឬ និយាយពីខ្ញុំអីបន្តិចសោះហ្ន៎! រឿងនាងវាល្បីណាស់ មិនគិតថានឹកអរគុណខ្ញុំមួយម៉ាត់ទេអី មើលរំលងខ្ញុំតែអ៊ីចឹងម្តងហើយ។ ដោយសារឃ្លីបខ្ញុំនេះហើយ បានជា Bella ឯង មានមុខគ្រប់សារព័ត៌មាន ឡើងផ្ទុះពេញគ្រប់បណ្តាញសង្គម ខ្ញុំនេះឯងអ្នកធ្វើឱ្យនាងល្បីជាងមុន ដល់ពេលអ៊ីចឹងមើលមិនឃើញក្បាលខ្ញុំសោះ បើសិនមិនមានខ្ញុំចេញមុខលូកដៃរឿងនាង និង Weir ឱ្យផ្អើលពេញប្រទេស ស្មានតែរឿងនាងបញ្ចាំង ៣ ថ្ងៃ រកលុយបានច្រើនយ៉ាងនេះហី? មក! មកនាំគ្នាទៅលើកទឹកចិត្តនាងល្អទេ ស្លៀកឈុតថៃលើកទ័ពទៅមើលជុំគ្នាតែម្តងទៅ»៕