អីយ៉ាស់! ទេព បូព្រឹក្ស បង្ហើបចង់ក្លាយជាកូនក្រមុំ ស្របពេល ងួន ចាន់ដេវីដ ប្រកាសលក់ឡានបន្ទាន់
ចំណងស្នេហ៍រវាងតារាចម្រៀងស្ថិតក្នុងស្រទាប់យុវវ័យ ងួន ចាន់ដេវីត និង ទេព បូព្រឹក្ស គិតត្រឹមឆ្នាំ ២០២២ នេះ ពួកគេទាំងពីរបានទាក់ទងស្គាល់ចិត្តថ្លើមគ្នារយៈពេលជិត ៦ ឆ្នាំហើយ។
ដ្បិតថាតារាប្រុសស្រីទាំងពីរនេះមានឈ្មោះជាសង្សារ ប៉ុន្ដែតាមរយៈទង្វើស្និទ្ធស្នាលរបស់ពួកគេទាំងពីរគឺប្រៀបដូចជាប្ដីប្រពន្ធរស់នៅក្នុងរង្វង់គ្រួសារតែមួយអ៊ីចឹង ព្រោះថាកន្លងមកពួកគេទាំងពីរក៏ធ្លាប់ធ្លោយមាត់ហៅគ្នាថា ប្ដីប្រពន្ធយ៉ាងផ្អែមល្ហែមបំផុត។
ទោះបីជាកន្លងមក ទេព បូព្រឹក្ស និង ជី ដេវីត តែងបង្ហាញភាពរ៉ូមែនទិកសឹងតែដូចប្ដីប្រពន្ធក៏ពិតមែន ប៉ុន្ដែមហាជនអ្នកគាំទ្រពួកគេជាច្រើននៅតែទន្ទឹងរង់ចាំមើលតារាចម្រៀងវ័យក្មេង ២ រូបនេះ ដឹកដៃគ្នាចូលរោងការតាមប្រពៃណីយ៉ាងអន្ទះសា។
ដោយឡែកស្រាប់តែនៅសុខៗ ស្រីស្រស់ ទេព បូព្រឹក្ស បានបង្ហើបអារម្មណ៍ផ្ទាល់ខ្លួនថា នាងចង់ក្លាយជាកូនក្រមុំ។ ម្ចាស់បទ «វីរនារី» រូបនេះ បានស្លៀកឈុតកូនក្រមុំ ហើយបង្ហោះសាររៀបរាប់នៅលើហ្វេសប៊ុកផេកថា ៖ «ពេលខ្លះមានអារម្មណ៍ថាចង់ក្លាយជាកូនក្រមុំនឹងគេដែរនឹងណា ឥលូវធ្វើសាកចូលស្តីដណ្ដឹងមើល»។
ការបង្ហោះបែបនេះដែរ ហាក់ដូចជាគាប់ជួបខ្លាំងណាស់ ព្រោះថ្មីៗនេះ ងួន ចាន់ដេវីដ ទើបតែបានប្រកាសលក់ឡានទំនើបរបស់ខ្លួនតម្លៃ ១៧ ម៉ឺដុល្លារ ដែលការនេះហើយបានធ្វើឱ្យមហាជនដាក់ការសង្ស័យថា តើ ងួន ចាន់ដេវីដ អាចនឹងលក់ឡានចូលស្តីដណ្តឹង ទេព បូព្រឹក្ស ដែលជាគូស្នេហ៍ ឬ យ៉ាងណា៕