មានម្ចាស់ស្នេហ៍រៀងខ្លួនតែ សិទ្ធី នីកា និង វ៉ៃហាំង ធ្វើឱ្យមហាជនពេញចិត្តស្ដូក
ជារឿងធម្មតាទៅហើយនៅពេលដែលតារាសម្ដែងប្រុសស្រី ចាប់ដៃគ្នាសម្ដែងជាតួឯកប្រុសស្រីក្នុងខ្សែភាពយន្តណាមួយ តែងតែទទួលបានការជំរុញពីសំណាក់ទស្សនិកជនអ្នកគាំទ្រ ឱ្យគូស្នេហ៍នៅក្នុងសាច់រឿងក្លាយជាគូស្នេហ៍ពិតប្រាកដនៅក្នុងជីវិតពិត ហើយកន្លងមកក៏មានតារាប្រុសស្រីជាច្រើនគូ បានបាក់ចិត្តស្រឡាញ់គ្នា ពេលពួកគេសម្ដែងរឿងជាមួយគ្នាដែរ។
ដោយឡែកបើងាកទៅមើលដៃគូសិល្បៈសម្ដែងដ៏ស័ក្ដិសមរវាងតារាសម្ដែងប្រុសរូបសង្ហា ខាត់ វ៉ៃហាំង និង សិទ្ធី នីកា វិញ អ្នកទាំងពីរមិនអាចក្លាយជាដៃគូស្នេហាក្នុងជីវិតពិតបានឡើយ ព្រោះថាក្នុងចំណោមពួកគេម្នាក់ៗ សុទ្ធតែមានម្ចាស់បេះដូងសម្រាប់មើលថែរក្សាបាត់ទៅហើយ។
ដូចប្រិយមិត្តបានជ្រាបហើយថា តារាសម្ដែង សិទ្ធី នីកា បានរៀបការស្វាមីរួចទៅហើយ ដោយនាងថែមទាំងមានកូនប្រុសអាយុ ២ ឆ្នាំម្នាក់ជាចំណងដៃទៀតផង។ ចំណែកប្រុសស្អាត ខាត់ វ៉ៃហាំង វិញ ក៏បានជាប់ជំពាក់បេះដូងជាមួយតារាសម្ដែងស្រីសាច់សខ្ចី ស៊ីន យូប៊ីន ដែរ។
ទោះបីជាក្នុងចំណោមពួកគេទាំងពីរ មិនអាចមានទំនាក់ទំនងលើសពីមិត្តរួមការងារ ប៉ុន្ដែមហាជនជាច្រើននៅតែពេញចិត្តចំពោះការសម្ដែង និង ភាពស័ក្ដិសមរបស់ពួកគេនៅក្នុងសាច់រឿងខ្លាំងណាស់ បន្ទាប់ពីពួកគេចាប់ដៃគ្នាសម្ដែងរឿងភាគ «ពណ៌ជីវិត» ហើយព្រោះតែមានការគាំទ្រច្រើននេះហើយ ទើប វ៉ៃហាំង និង នីកា អាចបន្តធ្វើជាតួឯកប្រុសស្រីក្នុងរឿងថ្មីមួយទៀតគឺ «ស្នេហ៍ឥតព្រាង»៕