ភាសាសាមញ្ញហៅគ្នាក្នុងគ្រួសារឧកញ៉ា ព្រាប សុវត្ថិ ជាមួយកូនៗ និង ភរិយា ស្តាប់ហើយក៏មានក្តីសុខ
បើគិតមកទល់ពេលនេះ រយៈពេលប្រមាណជា ៣ ខែកន្លះមកហើយ ដែលកំពូលតារាចម្រៀងបុរសជួរមុខ ព្រាប សុវត្ថិ ទទួលបានងារជាឧកញ៉ា។ ក្រោយពីទទួលបានងារនេះហើយ ឧកញ៉ា ព្រាប សុវត្ថិ ក៏ត្រូវបានមហាជនអ្នកគាំទ្រ ទាំងមិត្តក្នុង-ក្រៅរង្វង់សិល្បៈ ទាំងអ្នកមានមុខមាត់មុខជំនួញជាច្រើនក្នុងសង្គម ហាក់អបអរសាទរ និង លើកឡើងថា ងារនេះពិតជាស័ក្តិសមនឹង ឧកញ៉ា ព្រាប សុវត្ថិ មែន។
ជាការពិត មិនត្រឹមតែពេលថ្មីៗនេះទេ ដែលក្រុមគ្រួសាររបស់ឧកញ៉ា ព្រាប សុវត្ថិ ហាក់ដូចជាជាផ្ទាំងរូបភាពដ៏ស្រស់ស្អាតមួយ ដែលមហាជនជាច្រើនបានចាប់ក្រសែភ្នែកគយគន់មិនដាក់ភ្នែក ពោលគឺ ជីវិតឯកជនរបស់ក្រុមគ្រួសាររបស់ឧកញ៉ា និង ភរិយា ព្រមទាំងកូនៗទាំង ៣ ក៏ត្រូវបានមហាជនចាត់ទុកជាគ្រួសារអ្នកសិល្បៈដ៏គំរូមួយ និង រស់នៅយ៉ាងអភិជនមានសុភមង្គលផងដែរ។
លើសពីនោះ បើនិយាយពីជីវិតក្នុងការរស់នៅវិញ បើទោះជាអាចចាត់ទុកថាជាគ្រួសារលំដាប់អភិជន មានងារជាឧកញ៉ា មានមុខជំនួញពេញដៃក៏ពិតមែន ប៉ុន្តែឧកញ៉ា ព្រាប សុវត្ថិ និង ភរិយា ព្រមទាំងកូនៗ គឺតែងបង្ហាញសកម្មភាពយ៉ាងសាមញ្ញា ធ្វើឱ្យអ្នកគាំទ្រសរសើរមិនតិចនោះដែរ។ ជាពិសេសនោះគឺពាក្យពេចន៍និយាយស្តីនៅក្នុងគ្រួសារតែម្តង។
ជាក់ស្តែង បើក្រឡេកទៅមើលពីកូនៗរបស់ឧកញ៉ា ព្រាប សុវត្ថិ ឯនោះវិញ ត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយជារឿយៗឧកញ៉ា ព្រាប សុវត្ថិ ត្រូវបានកូនៗទាំង ៣ ហៅលោកថា «លោកពុក» និង ហៅភរិយាឧកញ៉ាថា «ម៉ាក់» យ៉ាងពីរោះ ដែលស្តាប់ទៅសាមញ្ញពោរពេញដោយភាពកក់ក្តៅ។ រីឯភរិយាលោកវិញ គឺហៅស្វាមីថា «បងស្នាយ» ដែលជាឈ្មោះពិតរបស់លោក និង ហៅកូនៗ ទៅតាមឈ្មោះរបស់ពួកគេម្នាក់ដូចជា «កូន វណ្ណ» «កូន នាគ» និង «កូន វុឌ្ឍ ឬ កូន ពៅ» រឹតតែធ្វើឱ្យមហាជនផ្ទុះការសរសើរយ៉ាងខ្លាំង ក្រោយបានឮការហៅបែបនេះ៕