សុះ ម៉ាច គោរពឱ្យតម្លៃតារារៀមច្បង ២ រូបនេះខ្លាំង ទោះបីវ័យជ្រេ តែសំឡេងនៅអ៊េមមិនប្រែ
វិស័យសិល្បៈនៅកម្ពុជាក៏កាន់តែរីកចម្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយគេសង្កេតឃើញវត្តមានសិល្បករ-ការិនីក្មេងៗស្រករក្រោយជាច្រើនដែលពោរពេញដោយទេពកោសល្យបានរីកដុះដាលដូចផ្សិត មិនថាវិស័យចម្រៀង សម្ដែង ឬវិស័យបវរកញ្ញានោះទេ។
ដោយឡែកបើក្រឡេកទៅមើលសិល្បកររៀមច្បងវិញ មួយចំនួនបានឃ្លាតឆ្ងាយទៅរស់នៅក្រៅប្រទេស មួយចំនួនទៀតក៏លាឈប់ពីសិល្បៈទៅសាងគ្រួសារយ៉ាងមានក្ដីសុខ ចំណែកឯមួយចំនួនទៀតក៏នៅតែបន្តប្រឡូកក្នុងវិស័យសិល្បៈដដែល។
បើនិយាយពីផ្នែកសិល្បៈចម្រៀង លោក សុះ ម៉ាច គឺជាតារាចម្រៀងជើងចាស់មួយរូបដែលទទួលបានការស្រឡាញ់គាំទ្រយ៉ាងច្រើនពីសំណាក់ទស្សនិកជន។ ថ្មីៗនេះ លោកបានបង្ហោះរូបថតជាមួយតារាចម្រៀងចាស់វស្សា ២ រូបទៀតគឺលោក ណូយ វ៉ាន់ណេត និង លោក ហួរ ឡាវី នៅលើគណនីហ្វេសប៊ុកធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ជាខ្លាំង។
ក្នុងនោះលោក សុះ ម៉ាច បានរៀបរាប់ថា លោកពិតជាគោរពឱ្យតម្លៃសិល្បកររៀមច្បង ២ រូបនេះខ្លាំងណាស់ ព្រោះបើទោះវ័យរបស់ពួកគេកាន់តែជ្រេទៅហើយក្ដី ប៉ុន្ដែទឹកដមសំឡេងនៅតែពីរោះមិនចាញ់កាលពីនៅក្មេងឡើយ។
លោក សុះ ម៉ាច បានលើកឡើងថា ៖ «គោរពឱ្យតម្លៃរៀមច្បងជានិច្ច និង នៅតែសរសើរគាត់ទាំង ២ អាយុច្រើនហើយ។ បង ហួរ ឡាវី អាយុ ៧៧ ឆ្នាំ បង ណូយ វ៉ាន់ណេត ៦៦ ឆ្នាំ ប៉ុន្តែពួកគាត់នៅតែច្រៀងបានយ៉ាងពីរោះដូចកាលនៅវ័យចូលប្រឡូកសិល្ប:ដំបូង។ សូមជូនពររៀមច្បងសុខភាពល្អ និង អាយុវែងដើម្បីបន្តបម្រើវិស័យសិល្ប:ជាតិយើងបន្តទៅទៀត»៕