សោកស្តាយណាស់! លោកគ្រូភ្លេង សុត ហ៊ិន ជំនាញឧបករណ៍ភ្លេងខ្មែរ ពិសេសខ្លុយ បានទទួលមរណភាព
កាលពីថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២២ កន្លងទៅនេះ នៅក្នុងសង្គមសិល្បៈមានរឿងគួរឱ្យសោកស្តាយមួយបានកើតឡើង បន្ទាប់ពីលោកគ្រូភ្លេងប្រពៃណីម្នាក់បានទទួលមរណភាព នោះគឺលោកគ្រូ សុត ហ៊ិន។
តាមការបង្ហោះពីបណ្តាអ្នកសិល្បៈ ពិសេសលោក ជា វណ្ណារិទ្ធ បានឱ្យដឹងថា លោកគ្រូ សុត ហ៊ិន បានទទួលមរណភាពដោយជំងឺ ដោយលោកបានរៀបរាប់ថា ៖ «តាំងតែពីដឹងថាបញ្ហាសុខភាពលោកគ្រូបានធូរស្រាល ហេីយបានមកបំពេញការងារលេីឆាកន្ត្រីស្រុកស្រែ វិញខ្ញុំក៏សប្បាយចិត្តជំនួសលោកគ្រូ តែពេលនេះលោកគ្រូបានទៅចោលសិល្បករ សិល្បការិនី និង បងប្អូនញាតិមិត្តជារៀងរហូតហេីយ»។
ជាមួយគ្នានឹងទទួលបានដំណឹងដ៏ក្រៀមក្រំនេះដែរ គេសង្កេតឃើញបណ្តាមិត្តសិល្បៈជាច្រើនបានបង្ហោះសារចូលរួមរំលែកទុក្ខ និង បង្ហាញទឹកចិត្តសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់លោកគ្រូ សុត ហ៊ិន រូបនេះ។
គួរឱ្យដឹងដែរថា លោកគ្រូ សុត ហ៊ិន គឺជាតន្ត្រីករប្រពៃណីឈានមុខគេម្នាក់នៅកម្ពុជា ដែលមានជំនាញខ្ពស់ខាងឧបករណ៍ភ្លេងខ្មែរ ពិសេសគឺខ្លុយ។ កន្លងទៅនេះ យើងតែងបានឃើញទេពកោសល្យរបស់លោកនៅលើប៉ុស្តិ៍ទូរទស្សន៍នានាក្នុងស្រុកជាច្រើន ព្រមទាំងកម្មវិធីតន្ត្រីសំខាន់ៗផ្សេងទៀត ជាពិសេសស្នាដៃរបស់គាត់នៅដើមទសវត្សរ៍ឆ្នាំ ២០០០ ក្នុងស្នាដៃសាច់រឿងខារ៉ាអូខេ «ទុំទាវ» តាមរយៈបទ «ស្រណោះទឹកភ្នែក» និង បទចម្រៀង «ខ្លុយស្នេហ៍ត្នោតទេរ» របស់ឧកញ៉ា ព្រាប សុវត្ថិ ជាដើម៕