ភ្ញាក់ផ្អើល! ស្ងាត់ៗ តារាចម្រៀងម៉ាឡេស៊ី Namewee មកដល់ស្រុកខ្មែរ ថែមទាំងមានបំណងចង់ធ្វើរឿងនេះទៀត
ជឿជាក់ថាមហាជនអ្នកគាំទ្រតារាក្រៅប្រទេសច្បាស់ជាបានស្គាល់ហើយពីលោក Namewee ដែលជាតារាចម្រៀងរ៉េបម៉ាឡេស៊ីដ៏ល្បីល្បាញមួយរូប ដែលឆក់បានប្រជាប្រិយភាពខ្លាំងទាំងក្នុង និងក្រៅប្រទេសជាមួយស្នាដៃបទចម្រៀងរបស់លោកជាច្រើននោះ។
ម៉្យាងវិញទៀត លោក Namewee ដែលមានឈ្មោះពិតថា Wee Meng Chee រូបនេះ ត្រូវបានគេដឹងថាជាមិនត្រឹមតែជាសិល្បករផ្នែក Hiphop ដ៏ល្បីនៅម៉ាឡេស៊ីនោះទេ តែលោកក៏ជាអ្នកនិពន្ធ ផលិតករភាពយន្ត និងជាតារាសម្ដែងផងដែរ។
ដោយឡែក អ្វីដែលគួរឱ្យចាប់អារម្មណ៍ និងភ្ញាក់ផ្អើលខ្លាំងសម្រាប់មហាជនអ្នកគាំទ្រខ្មែរ ខណៈបានឃើញ តារាចម្រៀងប្រុសរូបនេះ បានបង្ហោះរូបភាពមួយសន្លឹកថតនៅផ្សារធំថ្មី និងភ្ជាប់ជាមួយសារមួយបានឱ្យដឹងថាពេលនេះលោកបានហោះមកដល់ប្រទេសកម្ពុជាហើយ។ លើសពីនេះ លោក Namewee ថែមទាំងនិយាយបង្ហាញពីបំណងចង់មករស់នៅរកស៊ីនៅទីនេះទៀតផង ព្រោះតែលោកបានឮដំណឹងថានៅទីនេះធ្វើការរកស៊ីទទួលបានប្រាក់ចំណូលច្រើន។
ក្នុងនោះ Namewee បានរៀបរាប់លើបណ្ដាញសង្គមហ្វេសប៊ុករបស់លោកដោយសរសេរជាអក្សរចិនថា ៖ «Hello柬埔寨!聽說這裡可以打工賺大錢,所以我也飛過來了!趕快來拿走我的護照吧» ដែលមានន័យជាខ្មែរថា ៖ «សួស្តីកម្ពុជា! ខ្ញុំបានឮថា អ្នកអាចធ្វើការនៅទីនេះបានលុយច្រើន ដូច្នេះខ្ញុំក៏បានហោះមកទីនេះដែរ! មកយកលិខិតឆ្លងដែនរបស់ខ្ញុំឥឡូវនេះ»។
ក្រោយឃើញបែបនេះដែរ មហាជន ក៏ដូចជាអ្នកគាំទ្រខ្មែរជាច្រើន បានធ្វើការបញ្ចេញមតិបង្ហាញពីអារម្មណ៍រំភើបចិត្តខណៈបានឃើញវត្តមានរបស់លោកនៅលើទឹកដីកម្ពុជាផងដែរ៕