ដើរលេងសិង្ហបុរីម្ដង ឡុង លីងគ័ង្គ និយាយលេងសើចថាម្ហូបនៅស្រុកគេចាញ់ប្រហុកខ្មែរ
តារាចម្រៀងវ័យក្មេងពោរពេញដោយសមត្ថភាព ឡុង លីងគ័ង្គ ត្រូវបានមហាជនស្គាល់ច្បាស់គឺជាអតីតបេក្ខជនដ៏លេចធ្លោមួយរូបនៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី ១ ដោយមកដល់ពេលនេះ លីងគ័ង្គ បានសាងកេរ្ដិ៍ឈ្មោះលើវិថីសិល្បៈរហូតក្ដោបបានប្រជាប្រិយភាពយ៉ាងច្រើនពីទស្សនិកជន។
យ៉ាងណាមិញកាលពីប៉ុន្មានថ្ងៃមុន ឡុង លីងគ័ង្គ បានដកខ្លួនពីការងារសិល្បៈមួយរយៈហើយធ្វើដំណើរកម្សាន្តទៅកាន់ទឹកដីសិង្ហបុរី ដើរលេងចាយជីវិតយ៉ាងរីករាយទាំងវ័យក្មេង។ គ្រាន់តែទៅលើទឹកដីដ៏ស៊ីវិល័យខាងលើភ្លាម លីងគ័ង្គ បានបង្ហោះរូបបង្ហាញពីទិដ្ឋភាពដំណើរកម្សាន្តរបស់ខ្លួន ប៉ុន្ដែអ្វីដែលមហាជនចាប់អារម្មណ៍ តារាចម្រៀងប្រុសវ័យក្មេងរូបនេះបានលើកឡើងបែបលេងសើចថា ម្ហូបនៅទីនោះមិនសូវត្រូវមាត់ដូចប្រហុកខ្មែរយើងទេ។
ឡុង លីងគ័ង្គ បានរៀបរាប់ថា ៖ «ទឹកដីសាំងហ្កាពួរ ទំនើបជឿនលឿន កន្លែងកម្សាន្តប្លែកភ្នែក ស្អាត តែរាល់ការចំណាយគឺតម្លៃថ្លៃ ចំពោះសណ្ឋាគារ តម្លៃមួយយប់ជាងមួយរយដុល្លារ បន្ទប់តូចទេ បើប្រៀបធៀបជាមួយស្រុកយើងវិញ គេងបានកន្លែងធំទូលាយហើយស្អាតទៀត គិតទៅខុសគ្នាឆ្ងាយ រីឯម្ហូបវិញ មិនសូវត្រូវមាត់ទេ ចាញ់ប្រហុកខ្មែរ»៕