តារាកំប្លែង Mum ចាប់ផ្តើមបង្ហាញមុខដោយភាពជឿជាក់ជាងមុន ក្រោយផ្ទុះរឿងអាស្រូវកែសម្ផស្ស
មួយរយៈក្រោយនេះ រឿងរ៉ាវកែសម្ផស្សរបស់តារាកំប្លែងជើងចាស់វ័យ ៥៧ ឆ្នាំ ហាក់ធ្វើឱ្យមហាជនចាប់អារម្មណ៍ជាខ្លាំង ដោយលោកបានសម្រេចចិត្តវះកាត់ត្របកភ្នែក ២ ជាន់ជាលើកដំបូងដែលធ្វើឱ្យមុខប្លែកជាងមុន។
ក្រោយឃើញមុខមាត់ថ្មី របស់តារាប្រុស Mum មហាជនបានបង្ហាញអារម្មណ៍ចម្រុះ ដោយក្នុងនោះមានការរិះគន់យ៉ាងដំណំជុំវិញមុខមាត់ថ្មីរបស់ Mum រហូតដល់កូនស្រីលោកចេញមុខឆ្លើយតបវិញផាំងៗ។
យ៉ាងណាមិញ ពេលនេះតារាប្រុស Mum បានចេញបង្ហាញមុខដោយភាពជឿជាក់ជាងមុន ក្រោយមុខរបួសលោកចាប់ផ្តើមជាភ្នែកលែងសូវហើមដូចមុន។
ហើយលោកបានពោលទៀតថា ៖ «តាមពិតទៅខ្ញុំមិនបានទៅកែកុនអីដើម្បីយកសង្សារនោះទេ គ្រាន់តែទៅកាត់ត្របកភ្នែក ២ ជាន់ តែប៉ុណ្ណោះ ហើយមុននឹងសម្រេចចិត្តគឺខ្ញុំបានរង់ចាំ និង ពិភាក្សាជាងមួយខែ។ ខ្ញុំទទួលស្គាល់ថាហាក់រាងខ្មាសអៀនខ្លាំង ព្រោះឃើញមានការសើចចំអកជាច្រើន សូម្បីតែប្រពន្ធខ្ញុំពេលឡើងសម្ភាសហើយហៅខ្ញុំថា បុរសភ្នែកស្រទន់ ពេលមកដល់ផ្ទះនាងក៏ប្រាប់ថា នឹងមានគេជេរ ហើយសើចចំអកមិនខាន ព្រោះតែកន្លងមកគ្រប់គ្នាតែងធ្វើបែបនេះ តែយ៉ាងណាក៏ខ្ញុំមិនអាចហាមបាន យូរទៅអ្នកគ្រប់គ្នានឹងទម្លាប់ជាមួយវាមិនខាន»៕