គ្មានអ្វីឋិតថេរ! នេះជាប្រវត្តិស្នេហ៍ ១០ ឆ្នាំរបស់ Prang និង Twopee មុនដើរដល់ផ្លូវបំបែក
ក្រោយពីផ្ទុះការសង្ស័យរឿងប្រេះឆាជាយូរមកហើយនោះ កាលពីថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២២ កន្លងទៅនេះ តាមប្រភពព័ត៌មានបានឱ្យដឹងថា តារាស្រី Prang និង តារាប្រុស Two Pee បានបែកគ្នា ដើរផ្លូវរៀងៗខ្លួនរួចទៅហើយ ដោយមិនមានពាក់ព័ន្ធបញ្ហាជនទី ៣ ឡើយ។
ការចែកផ្លូវគ្នារបស់តារាប្រុសស្រីទាំងគូនេះ បានធ្វើឱ្យមហាជនអ្នកគាំទ្រសោកស្តាយមិនតិចឡើយ ព្រោះចំណងស្នេហ៍ ១០ ឆ្នាំ ត្រូវបញ្ចប់ត្រឹមមួយភ្លែត ទាំងដែលខាងប្រុសក៏បានលុតជង្គង់សុំរៀបការរួចទៅហើយទៀត។ យ៉ាងណាមិញ បើក្រឡេកទៅមើលប្រវត្តិស្នេហ៍របស់អ្នកទាំងពីរនេះវិញ ក៏រឹតតែធ្វើឱ្យមហាជនមិនអស់ចិត្តទៅទៀត ព្រោះមើលទៅពួកគេបានតស៊ូជាមួយគ្នាច្រើនណាស់ ប៉ុន្តែនៅតែមិនអាចបន្តដំណើរទៅមុខជាមួយគ្នាបាន។
ប្រវត្តិស្នេហ៍របស់អ្នកទាំងពីរគឺ ដំបូងឡើយ Two Pee គឺជាមិត្តភក្តិ របស់មិត្ត Prang ដែលរៀនជាមួយគ្នានៅសកលវិទ្យាល័យ។ Prang និង Two Pee បានជួបគ្នាដោយចៃដន្យនៅក្នុងពិធីមង្គលការមួយ ហើយ Two Pee ក៏បានចាប់អារម្មណ៍លើ Prang រួចក៏ចង់តាមសុំស្រឡាញ់ និង ចង់ទាក់ទង Prang តែក៏ត្រូវមិត្តហាម ព្រោះគ្រានោះ ម្តាយ Prang ពិតជាហួងហែងនាងសម្បើមណាស់។
សម្រាប់ Two Pee វិញ គឺមិនបានបោះបង់គំនិតតាមស្រឡាញ់ Prang ឡើយ ពោលគឺ លោកនៅតែព្យាយាមតាមចែចង់ Prang ហើយទីបំផុតសម្រេចយល់ព្រមមើលចិត្តគ្នា និង ចុងក្រោយ ចាប់ផ្ដើមទាក់ទងគ្នាជាផ្លូវការ នៅពេលពួកគេមានអាយុប្រហែល ២០ ឆ្នាំ។ ពួកគេ តែងនៅក្បែរគ្នា ផ្ដល់ក្ដីស្រឡាញ់ឱ្យគ្នា ហើយក្រោយមកក៏ចាប់ផ្តើមមានអាជីពសិល្បៈរៀងខ្លួន ដោយ Prang ជាតារាសម្តែង និង Two Pee ជាតារារ៉េប។
យ៉ាងណាមិញ កន្លងមកធ្លាប់មានប្រភពព័ត៌មានជាច្រើន បានទម្លាយថា ពួកធ្លាប់បែកគ្នាម្ដងហើយ ព្រោះតែ Two Pee ចាប់ផ្តើមធ្វើការយប់ជ្រៅ និង ធ្វើឱ្យពួកគេមិនមានពេលវេលាជាមួយគ្នាឡើយ ទើបមិនយូរប៉ុន្មាន Prang ក៏បានសម្រេចចិត្តបញ្ចប់ស្នេហ៍មួយនេះ ហើយពួកគេត្រូវរស់នៅឃ្លាតគ្នារហូតដល់ទៅ ២ ឆ្នាំ។
បន្ថែមពីនោះ ក្នុងអំឡុងឆ្នាំ ២០២១ ពួកគេបានត្រលប់មកសាងស្នេហ៍ជាមួយគ្នាវិញ ហើយខាងប្រុសថែមទាំងបានលុតជង្គង់សុំ Prang រៀបការនៅទីក្រុងញ៉ូវយក កាលពីខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅ តែក្រោយមកពួកគេក៏បានចាប់ផ្តើមមានរឿងរកាំរកូសគ្នាមិនដាច់ឡើយ និង ហាក់នៅតែមិនអាចបន្ដរួមដំណើរជាមួយគ្នាបង្កើតគ្រួសារបានឡើយ ទីបំផុត Prang និង twopee នៅតែបែកគ្នា ព្រមទាំងសម្រេចជ្រើសរើសផ្លូវបែក ក្រោមហេតុផលថា រវល់នឹងការងារខ្លាំងពេក។
ងាកមកមហាជនអ្នកគាំទ្រវិញ ពិតជាសោកស្តាយខ្លាំងណាស់ ចំពោះស្នេហា ១០ ឆ្នាំ របស់គូស្នេហ៍មួយនេះ តែយ៉ាងណាក៏ដោយ មហាជនក៏គោរពការសម្រេចចិត្តរបស់ពួកគេផងដែរ៕