ក្ដៅដូចបាយពុះ! បែកធ្លាយហើយ រឿងលម្អិតជម្លោះរវាង Brad Pitt និង Angelina លើយន្តហោះ មុនឈានដល់ការលែងលះគ្នា
កាលពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២២ កន្លងទៅ បណ្ដុំឯកសារមួយចំនួនរបស់ FBI ដែលដាក់ការស៊ើបអង្កេតលើករណីហិង្សារបស់ Brad Pitt ទៅលើភរិយារបស់លោក Angelina Jolie និង កូនៗលើយន្តហោះ កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០១៦ កន្លងទៅ ត្រូវបានបែកធ្លាយតាមបណ្ដាសារព័ត៌មាននានា ដែលកំពុងក្លាយជាប្រធានបទក្ដៅគគុកនាពេលថ្មីៗនេះ។
តាមឯកសារដែលបានបែកធ្លាយនោះបានបង្ហាញថា តារាសម្ដែងស្រី Angelina បាននិយាយសារភាពថា រូបនាងគឺពិតជាត្រូវបានរងអំពើហិង្សាពីស្វាមីរបស់នាងពិតមែន។ Angelina បាននិយាយថា នៅពេលនោះ ប្ដីរបស់នាងគឺស្ថិតក្នុងភាពស្រវឹង ហើយពោរពេញដោយកំហឹង។ នៅក្នុងបន្ទប់ទឹក រូបលោក បានយកដៃចាប់ទាញក្បាលរបស់នាងគ្រវីខ្លាំងៗ ហើយរុញនាងផ្អឹបនឹងជញ្ជាំង ខណៈពេលទាស់សម្ដីគ្នាពាក់ព័ន្ធនឹងកូនម្នាក់របស់ពួកគេ។
Angelina បានទម្លាយឱ្យដឹងទៀតថា តារាប្រុស Brad Pitt បានយកដៃដាល់ជញ្ជាំងយន្តហោះខ្លាំងៗច្រើនដងរហូតធ្លុះជញ្ជាំងនោះ មុនពេលស្រែកក្ដែងៗថា ៖ «នាងបានបំផ្លាញគ្រួសារនេះហើយ»។ ជាមួយគ្នានោះដែរ Brad Pitt ក៏បានស្រែកស្ដីឱ្យទៅកូនៗរបស់ពួកគេថែមទៀត ដែលព្យាយាមចង់ការពារម្ដាយខ្លួននោះ។ តាមឯកសារបែកធ្លាយនេះដែរ បង្ហាញឱ្យឃើញទៀតថា មានកូនម្នាក់ក្នុងចំណោមកូនរបស់ពួកគេ បានស្រែកតមាត់ទៅឪពុករបស់ពួកគេវិញថា ៖ «មិនមែនម៉ែទេ ដែលបំផ្លាញគ្រួសារ គឺប៉ាឯងទៅវិញទេ»។ ទង្វើនេះហើយ បានធ្វើឱ្យ Brad Pitt កាន់តែក្រោធខឹង រហូតស្ទុះទៅរកកូនម្នាក់នោះ ដែលបណ្ដាលឱ្យ Angelina ហក់ទៅទាញ Brad Pitt ភ្លាមៗ រហូតធ្វើឱ្យនាងមានរបួសត្រង់កែងដៃ។
បន្ថែមពីនេះទៀត Angelina បាននិយាយថា ប្ដីរបស់នាង បានចាក់ស្រាបៀលើនាងថែមទៀត ខណៈនាងកំពុងព្យាយាមសម្ងំដេក។ ក្រោយមក នៅពេលយន្តហោះចុះចត Angelina បានប្រាប់ Brad Pitt ថា នាងនឹងនាំកូនៗទៅសណ្ឋាគារមួយនៅ California ដើម្បីសម្រាកនៅទីនោះ ប៉ុន្តែ Brad Pitt បែរជាច្រឡោតស្រែក ៖ «យើងមិនឱ្យនាងយកកូនយើងទៅទេ» ហើយថែមទាំងរុញនាងទៀត។ ដោយអត់ទ្រាំនឹងអំពើហិង្សាទាំងនេះមិនបាន រយៈពេល ៦ ថ្ងៃក្រោយ Angelina ក៏បានសម្រេចចិត្តដាក់ពាក្យលែងលះគ្នាតែម្ដង។
តាមរយៈឯកសាររបស់តុលាការ Angelina បានធ្វើការផ្ដិតរូបនៃស្នាមរបួសរបស់នាង ដោយនាងចង់ស្វែងរកការថែទាំ និង ការពារចំពោះកូនៗរបស់នាង។ តារាស្រីវ័យ ៤៧ ឆ្នាំរូបនេះ ក៏បានចោទប្រកាន់ Brad Pitt ថាបានវាយដំលើកូនប្រុសច្បងរបស់នាង Maddox ផងដែរ នៅពេលរូបគេព្យាយាមបញ្ឈប់ជម្លោះរបស់ឪពុកម្ដាយខ្លួន។ ដោយឡែក ខាងក្រុមការងាររបស់ Brad Pitt ក៏បានចេញមុខបដិសេធថា លោកគឺមិនបានធ្វើការវាយដំលើ Maddox នោះឡើយ ដោយរូបលោកគ្រាន់តែបានប៉ះពាល់ទៅលើ Maddox ព្រោះជម្លោះនោះខ្លាំងគ្រប់គ្រងមិនបាន។ ក្រោយការដាក់ពាក្យបណ្ដឹង Brad Pitt ក៏ត្រូវបានភ្នាក់ងារចំនួន ២ ធំៗគឺ ភ្នាក់ងារ FBI និង Los Angeles Department of Child and Family Services ដាក់ការស៊ើបអង្កេតផងដែរ។
គួររំឭកថា តារាសម្ដែង Brad Pitt និង Angelina Jolie បានចាប់ដៃគ្នារៀបការជាប្ដីប្រពន្ធក្នុងឆ្នាំ ២០១៤។ មកដល់ឆ្នាំ ២០១៦ ជីវិតអាពាហ៍ពិពាហ៍របស់ពួកគេត្រូវបានប្រេះឆាដួលរលំ ដោយបានបន្សល់ទុកចំណងដៃកូនៗចំនួន ៦ នាក់ រួមមាន Maddox, Pax, Zahara, Shiloh, Knox និង Vivienne៕