ប្រវត្តិស្នេហ៍ឆ្លង ៣ ប្រទេស របស់ឪពុកម្តាយ Ananda ល្បីល្បាញខ្លាំង រហូតត្រូវគេសុំផលិតជាខែ្សភាពយន្ត
កំលោះសង្ហា Ananda Everingham គឺជាតារាសម្តែងមួយរូប ដែលមានឈ្មោះបោះសំឡេងនៅក្នុងវិស័យសិល្បរបស់ថៃ ដោយភាគច្រើនលោកបានលេចមុននៅក្នុងរឿងភាគ ព្រមទាំងខ្សែភាពយន្តល្បីៗ ជាពិសេសគឺមហាជនស្គាល់លោកខ្លាំង គឺនៅក្នុងរឿង «Shutter» នោះឯង។
យ៉ាងណាមិញ បើទោះជាមានឈ្មោះបោះសំឡេងនៅក្នុងវិស័យសិល្បៈថៃក៏ពិតមែន តែតាមពិតទៅ Ananda មិនមែនជាជនជាតិថៃនោះទេ ដោយលោកមានម្តាយជាជនជាតិឡាវ និង ឪពុកជាជនជាតិអូស្រ្តាលី ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺប្រវត្តិស្នេហារបស់ឪពុកម្ដាយរបស់លោក គឺពិតជាល្បីល្បាញណាស់នៅក្នុងប្រទេសថៃ។
បើងាកទៅមើលប្រវត្តិស្នេហ៍ដ៏ជក់ចិត្តរបស់ឪពុកម្ដាយរបស់លោក គឺដើមឡើយ ឪពុករបស់ Ananda ដែលមានឈ្មោះថា John Everingham គឺជាអ្នកកាសែតជនជាតិអូស្រ្តាលីម្នាក់ ដែលបានធ្វើដំណើរទៅធ្វើការនៅប្រទេសឡាវ ហើយក៏បានជួបនឹងលោកស្រី Kaew Sirisomphon ជាអ្នកម្តាយរបស់ Ananda ដែលកាលនោះលោកស្រី គឺជានិស្សិតពេទ្យដ៏ស្រស់សោភាម្នាក់។
ក្រោយមកអ្នកទាំងពីរ បានសាងស្នេហ៍ជាមួយគ្នាយ៉ាងផ្អែមល្ហែម ប៉ុន្តែអ្វីដែលមិននឹកស្មានដល់នោះ គឺគ្រានោះប្រទេសឡាវបានធ្លាក់ក្នុងភ្លើងសង្រ្គាម ហើយលោក John ក៏បានសម្រេចចិត្តនាំភរិយា ជម្លៀសខ្លួនចេញពីប្រទេសឡាវ ដោយបាននាំគ្នាហែលទឹកឆ្លងទន្លេមេគង្គឆ្លងដែនមកកាន់ប្រទេសថៃ ដែលកាលនោះការឆ្លងដែល ហែលឆ្លងតាមទន្លេមានការពិបាកខ្លាំងណាស់ សុទ្ធតែទាហានយាមតឹងរឹងជាខ្លាំង។
យ៉ាងណាមិញ គូស្នេហ៍អ្នកកាសែត និង និស្សិតពេទ្យ មិនបានរាថយក្នុងការស្វែងរកទីតាំងដើម្បីជម្លៀសខ្លួនឡើយ ទីបំផុតអ្នកទាំងពីរក៏បានឆ្លងដែនមកដល់ប្រទេសថៃយ៉ាងប្រផិតប្រផើយ ហើយក៏បានរួមរស់ប្រើជីវិតគូជាមួយគ្នាយ៉ាងមានក្តីសុខនៅទីនោះ។ បន្ទាប់មក អ្នកទាំងពីរក៏បានបង្កើតបានកូនប្រុសម្នាក់ ដែលជាលោក Ananda នេះឯង។
អ្វីដែលកាន់តែពិសេស ប្រវត្តិស្នេហាដ៏រំភើបរបស់ឪពុកម្តាយតារាប្រុសរូបនេះ គឺពិតជាល្បីល្បាញណាស់ រហូតក្នុងឆ្នាំ ១៩៨៣ សាច់រឿងពិតរបស់ឪពុកម្ដាយ Ananda ត្រូវបានផលិតករភាពយន្ដ បានសម្រេចចិត្តស្នើសុំសិទ្ធផលិតជាខ្សែភាពយន្ត ដែលមានចំណើងជើងថា «Love is forever»។
តែយ៉ាងណាប្រវត្តិស្នេហាដ៏ល្បីល្បាញក្នុងជីវិតពិតនេះ មិនបានជួបកោះត្រើយយូរអង្វែងជាអមតៈឡើយ ពោលគឺឪពុកម្ដាយរបស់តារាប្រុសរូបនេះ បានសម្រេចចិត្តចែកផ្លូវគ្នាជាង ២០ ឆ្នាំទៅហើយ ហើយពេលនេះឪពុក Ananda បានសាងគ្រួសារថ្មីរួចទៅហើយដែរ៕