ប្រិយមិត្តដែលនិយមតាមដានវិស័យកីឡាប្រដាល់ទាំងជាតិ និង អន្តរជាតិ ប្រាកដជាបានជ្រាបរួចមកហើយពីដៃគូដែលត្រៀមនឹងប្រកួតជាមួយអ្នកប្រដាល់ល្បីឈ្មោះជើងចាស់របស់ថៃ លោក Buakaw Banchamek ក្នុងការប្រកួត Exhibition Kickboxing Match ដែលជាការប្រកួតពិសេសរបស់ «RWS Rajadamnern World Series» នៅថ្ងៃទី ១៩ ខែសីហានេះ គឺកីឡាកប្រដាល់មុខស្រស់ Kota Miura។
Kota Miura មានឈ្មោះហៅក្រៅ King Junior បានកើតនៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០០២ បច្ចុប្បន្នលោកមានអាយុ ២០ ឆ្នាំ និង មានកម្ពស់ ១.៧៥ ម៉ែត្រ។ Kota ជាអ្នកខេត្ត Hyogo ដែលបានកើតនៅក្រុង Kobe ប្រទេសជប៉ុន។
តាមព័ត៌មានបានឱ្យដឹងថា គ្រួសាររបស់តារាប្រដាល់វ័យក្មេងនេះក៏ល្បីខ្លាំងស្រាប់រួចមកហើយដែរ ដោយឪពុករបស់លោកមានឈ្មោះថា Kazuyoshi Miura ដែលជាខ្សែប្រយុទ្ធជើងចាស់ដ៏ល្បីល្បាញមួយរូបរបស់ក្រុមជម្រើសជាតិជប៉ុន និង មានឈ្មោះហៅក្រៅថា «King Kazu»។ រីឯម្តាយរបស់លោកគឺអ្នកស្រី Risako Miura ជាតារាសម្តែង និង ជាតារាម៉ូដែលដ៏ល្បីមួយរូបប្រចាំប្រទេសជប៉ុន។ Kota ក៏មានបងប្រុសម្នាក់ទៀតផងដែរ ដែលបច្ចុប្បន្នលោកគឺជាតារាសម្ដែងក្នុងប្រទេសជប៉ុន មានឈ្មោះថា Ryota Miura។
ដោយឡែក Kota បានចាប់អារម្មណ៍ខាងប្រដាល់តាំងពីរៀននៅថ្នាក់មធ្យមមកម្ល៉េះ ដោយលោកទទួលឥទ្ធិពលពីឪពុករបស់ខ្លួនដែលចូលចិត្តមើលប្រដាល់ខ្លាំង។ តារាប្រដាល់វ័យក្មេងរូបនេះ បានចាប់ផ្ដើមសិក្សាខាងប្រដាល់នេះតាំងនៅវិទ្យាល័យមកម្ល៉េះ។ ដោយក្ដីស្រឡាញ់ បន្ទាប់ពីបញ្ចប់ការសិក្សានៅវិទ្យាល័យរួចមក Kota ក៏បានចូលហ្វឹកហាត់ប្រដាល់ជាមួយនឹងក្លឹប Brave ដែលជាក្លឹបប្រដាល់ដ៏ល្បីល្បាញក្នុងប្រទេសជប៉ុន។
កិត្តិនាមរបស់ Kota ត្រូវបានផ្ទុះខ្លាំងនៅពេលដែលគេបានបង្ហាញខ្លួនជាលើកដំបូងលើសង្វៀនកាលពីខែធ្នូ ឆ្នាំ ២០២១ កន្លងទៅ ដោយលោកអាចផ្តួលគូប្រកួតដោយការផ្តួល TKO ដែលធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់គេផ្ទុះសាយភាយ និង បានក្លាយជាអ្នកប្រដាល់វ័យក្មេងដ៏ល្បីល្បាញមួយរូបក្នុងមួយប៉ប្រិចភ្នែក។
គួរឱ្យដឹងផងដែរថា Kota គឺត្រូវបានគេស្គាល់ច្រើនដោយសារតែរូបរាងសង្ហា និង ស្នាមញញឹមដ៏មានមន្តស្នេហ៍របស់លោក ជាហេតុធ្វើឲ្យអ្នកគាំទ្រភ្លូកទឹកភ្លូកដីនាំគ្នាគាំទ្រតារាមុខស្រស់នេះមិនដាច់។ ជាពិសេសនៅលើគណនី Instagram របស់លោកដែលប្រើឈ្មោះថា @kota_miura_official បច្ចុប្បន្នគឺគណនីមួយនេះមានអ្នកតាមដានជិត ៧០ ម៉ឺននាក់ហើយ៕