(វីដេអូ) ជាប់ចោទពីបទឆបោកលុយភ្លាម Pinky ត្រូវសមត្ថកិច្ចរឹបអូសទ្រព្យសម្បិត្តខ្ទេចគ្មានសល់
កាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២២ កន្លងទៅ កំពូលតារាសម្ដែងស្រីជួរមុខ នាង Pinky Savikah រួមទាំងបងប្រុស និង ម្ដាយ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបញ្ជូនទៅពន្ធនាគារ ពីបទឆបោកលុយតាមរយៈប្រព័ន្ធអេឡិចត្រូនិច។
យោងតាមការរាយការណ៍ពីសំណាក់សារព័ត៌មានក្នុងស្រុកថៃបានឱ្យដឹងថា តុលាសម្រេចចិត្តមិនឱ្យតារាស្រី Pinky និង ក្រុមគ្រួសារធានាខ្លួននៅក្រៅឃុំឡើយ ដោយហេតុថាខ្លាចរត់គេចខ្លួន និង ទម្ងន់នៃទោសមានកម្រិតធ្ងន់ពេក ដោយមានជនរងគ្រោះចំនួន ៩៨២៤ នាក់ សរុបជាទឹកប្រាក់ចំនួន ២ ៤៨៩ ៨២០ ៣២១.៥២ បាត ។
ក្នុងករណីនេះ មានអ្នកចូលរួមរហូតដល់ ១៩ នាក់ឯណោះ ដោយល្បិចនៃការបោកបញ្ឆោតគឺឱ្យជនរងគ្រោះយកលុយមកបណ្ដាក់ទុនក្នុងការរកស៊ីប្ដូរលុយជាសកល (Foreing Exchange) ដោយឆ្លងកាត់វែបសាយ (Forex-3dcom) ដោយនឹងរំពឹងថាទទួលបានផលចំណេញចាប់ពី ៦០ ដល់ ៨០ ភាគរយ ត្រឡប់មកវិញ។
យ៉ាងណាមិញ បន្ទាប់ពីរឿងរ៉ាវឆបោកមួយនេះកំពុងតែក្តៅរងំ និង រង់ចាំការស៊ើបអង្កេតបន្ថែម ពេលនេះខាងសមត្ថកិច្ច បាន និង កំពុងតែរឹបអូសទ្រព្រសម្បិត្តរបស់តារាស្រីរូបនេះហើយ ដោយក្នុងនោះខាងសមត្ថកិច្ចរឹបអូសរថយន្តទំនើបចំនួន ១១ គ្រឿង មាស ប្រាក់ ដីផ្ទះ ទ្រព្យសម្បិត្តក្នុងផ្ទះ ដែលរួមជាទឹកប្រាក់ប្រមាណជាង ២៣០ លានបាត ស្មើនឹងប្រមាណជាង ៦ លានដុល្លារឯណោះ។ គួរបញ្ជាក់ដែរថា មកទល់ពេលនេះតារាស្រី Pinky បានចូលខ្លួនទៅកាន់សមត្ថកិច្ចហើយ ដោយរង់ចាំការស៊ើបអង្កេតបន្ថែមផងដែរ៕