អ្នកគាំទ្រសង្ស័យ បេនី យ៉ាំង បែកបាក់ជាមួយអតីតគូស្នេហ៍ ព្រោះហេតុផលនេះ
ពេលនេះ បេនី យ៉ាំង បានក្លាយជាអ្នកម៉ាក់វ័យក្មេងទៅហើយ បន្ទាប់ពីនាងបានសម្រាលកូនប្រុសដំបូងឈ្មោះថា លី អាន ហៅ Corson កាលពី ៦ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅ។
ថ្វីដ្បិតថាកន្លងមក បេនី យ៉ាំង មិនបាននិយាយដល់វត្តមានឪពុករបស់ក្មេង ប៉ុន្ដែអ្នកគាំទ្រនាងភាគច្រើនបានសង្ស័យថា ពួកគេជួបរឿងរកាំរកូសចាប់តាំងពីកូនប្រុសមិនទាន់សម្រាលម្ល៉េះ ព្រោះមួយរយៈធំចុងក្រោយនេះ បេនី យ៉ាំង មិនដែលបង្ហាញរូបភាពផ្អែមល្ហែមជាមួយគូស្នេហ៍ដូចកាលពីមុនទៀតឡើយ សូម្បីតែកំលុងពេលនាងសម្រាលកូន ក៏គ្មានវត្តមានគូស្នេហ៍នៅក្បែរដែរ។
ទោះបីជាបែបនេះ ចាប់តាំងពីសម្រាលកូនមក បេនី យ៉ាំង ចំណាយពេលវេលាស្ទើរតែទាំងស្រុងក្នុងការមើលថែថ្នាក់ថ្នម ចិញ្ចឹមបីបាច់ថែរក្សា និង ផ្ដល់ភាពកក់ក្ដៅឱ្យកូនប្រុសដោយផ្ទាល់ដៃ។ ទើបតែថ្មីៗនេះ អ្នកម៉ាក់សម័យថ្មីខាងលើបានបង្ហោះសារចាក់ដោតមួយ ធ្វើឱ្យអ្នកគាំទ្រផ្ទុះការសង្ស័យជាខ្លាំងថា នេះអាចជាមូលហេតុនៅពីក្រោយការចែកផ្លូវគ្នារបស់ពួកគេ។
បេនី យ៉ាំង បានសរសេររៀបរាប់លើហ្វេសប៊ុក ៖ «មនុស្សប្រុសភាគច្រើនផ្លាស់ប្តូរចិត្ត ព្រោះចូលចិត្តសម្លឹងរបស់អ្វីថ្មីៗ និង ដោយសារតែចំណង់តណ្ហា… តែមនុស្សស្រីប្តូរចិត្តភាគច្រើនបំផុតគឺដោយសារតែឆ្អែតចិត្ត ខូចចិត្តគ្រប់គ្រាន់ រហូតដល់អស់ចិត្ត និង អស់ក្តីស្រឡាញ់ទើបចាកចេញ… ដូច្នេះហើយបានជាមនុស្សស្រីឱ្យតែពេលចាកចេញហើយមិនងាយត្រលប់មកវិញទេ ខុសពីមនុស្សប្រុសភាគច្រើនតែងតែទាមទារបកក្រោយ ព្រោះស្តាយទង្វើដែលខ្លួនឯងបានធ្វើ រាល់ឱកាសមិនមែនសុទ្ធតែមាន ២ ដង»។
គួររំឭកផងដែរថា មុនពេល បេនី យ៉ាំង វិលត្រឡប់មកទាក់ទងគ្នាម្ដងទៀតជាមួយអតីតគូស្នេហ៍រហូតមានតំណក់ឈាមកូនប្រុសជាមួយគ្នានោះ ពួកគេធ្លាប់ជាសង្សារនឹងគ្នា ហើយក៏បានចែកផ្លូវគ្នាម្ដងរួចមកហើយ៕