Mik អត់ទ្រាំលែងបាន ពោលផាំងៗ ក្រោយផ្ទុះអាស្រូវស្នេហាជាមួយអ្នកគ្រប់គ្រងផ្ទាល់ខ្លួន
ថ្មីៗនេះ កំពូលតារាសម្តែងប្រុស Mik Thongraya ហាក់ផ្ទុះរឿងអាស្រូវស្នេហាជាញឹកញាប់ ក្រោយបែកបាក់ស្នេហាជាមួយតារាស្រី Bow Maylada។
បើទោះបីជា Mik បានចេញមុខបដិសេធជាច្រើនដងរាល់អាស្រូវស្នេហា តែមើលទៅមហាជនហាក់មិនចប់សោះឡើយ ដោយអស់ពីមួយចូលមួយ អស់ពីតារាសម្តែងដូចគ្នា ឥឡូវមានដល់ចចាមអារ៉ាមស្នេហាជាមួយអ្នកគ្រប់គ្រងផ្ទាល់ខ្លួនទៀត។
ជុំវិញបញ្ហានេះ Mik ក៏ហាក់ទ្រាំលែងបានចេញមុខបកស្រាយជាថ្មីថា ៖ «ពេលនេះខ្ញុំចង់ឱ្យគ្រប់គ្នាដឹងថា ខ្ញុំគឺនៅទំនេរដូចដើម គឺនៅរីករាយជាមួយការធ្វើការ ហើយមិនមានអ្នកណាដក់ជាប់ក្នុងបេះដូងខ្ញុំនៅឡើយនោះទេ ខ្ញុំសារភាពមានមនុស្សដែលមើលទៅគួរឱ្យស្រឡាញ់ ប៉ុន្តែខ្ញុំមិនចាប់អារម្មណ៍គឺចង់ធ្វើការសិន មានខ្លះក៏ចូលចិត្តនិយាយលេងជាមួយ តែយើងមិនទាន់ស៊ីចង្វាក់គ្នា»។
«ចំពោះព័ត៌មានទាំងនោះ គឺខ្ញុំនៅតែអះអាងចម្លើយដូចដើមថា គឺមិនមានអ្វីដូចការសង្ស័យនោះទេ ហើយវាមិនពិតនោះឡើយ ខ្ញុំក៏បានប្រាប់ច្រើនដងមកហើយ ហើយខ្ញុំមិនចង់និយាយច្រំដែលទៀតទេ ទុកបណ្តោយតាមពេលវេលាសិនចុះ»។
«ចង់ផ្តាំផ្ញើទៅគ្រប់ៗគ្នាថា សុំទុកកិត្តិយសឱ្យគាត់ផង ព្រោះគាត់មិនមែនជាមនុស្សមហាជននោះឡើយ ហើយនៅពេលដែលជួបបញ្ហាគឺវាប៉ះពាល់ផ្លូវចិត្តគាត់ ហើយគាត់ពិបាកទទួលយក ចំពោះអ្នកសិល្បៈដូចខ្ញុំវាអាចជារឿងធម្មតា តែខ្ញុំសុំនិយាយហើយបញ្ចប់វាត្រឹមនេះ ហើយបញ្ជាក់ម្តងទៀតថាខ្ញុំនៅទំនេរ»៕