អស់ស្ទះ! កន្លែងល្បីៗជុំវិញពិភពលោក បំភ្លឺសុទ្ធតែពណ៌ផ្កាឈូក អបអរ BLACKPINK ចេញបទថ្មី
ពិតជាធ្វើឱ្យមហាជនអ្នកគាំទ្ររំភើបរំជើបរំជួលមិនតិចនោះទេ ព្រោះក្រោយស្ងាត់បាត់មុខចម្រៀងជាលក្ខណៈក្រុមជាង ២ ឆ្នាំ ពេលនេះក្រុមចម្រៀងនារីល្បី BLACKPINK បានត្រឡប់មកអង្រួនវិស័យ K-pop តាមរយៈអាល់ប៊ុមចម្រៀងថ្មីទៀតហើយ។
យ៉ាងណាមិញ BLACKPINK ត្រៀមបញ្ចេញអាល់ប៊ុមធំរបស់ខ្លួន ដែលមានឈ្មោះថា BORN PINK នៅខែកញ្ញា ឆ្នាំ ២០២២ ខាងមុននេះ ប៉ុន្តែនៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២២ នេះ BLACKPINK ក៏បានទម្លាក់ចម្រៀងមួយបទសិនដែលមានចំណងជើងថា PINK VENOM ។
ក្នុងនោះ វីដេអូចម្រៀងមួយនេះ ត្រូវបានបញ្ចេញជាផ្លូវការរួចរាល់ទៅហើយនៅលើបណ្តាញ YOUTUBE នាម៉ោង ១១ ព្រឹកថ្ងៃដដែលនេះ ដែលធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើនរំភើបញាប់ញ័រមិនតិចឡើយ ព្រោះម្នាក់ៗពិតជារង់ចាំវេលានេះជាយូរមកហើយ។
ដោយឡែក បើក្រឡេកទៅមើល MV វិញ គេឃើញថា BLACKPINK នៅតែរក្សាភាពទាក់ទាញប្លែកពីគេរបស់ខ្លួនដដែល អាចនិយាយបានថាលើកនេះ គឺពិតជាពិសេសជាងមុនទៅ ព្រោះ MV មួយនេះត្រូវបានគេដឹងថាបានចំណាយលុយច្រើនជាងគេមិនធ្លាប់មានពីមុនឡើយ។
យ៉ាងណាមិញ ជាមួយគ្នានេះដែរ ការត្រឡប់មកវិញលើកនេះរបស់ BLACKPINK គឺមើលទៅកាន់តែអស្ចារ្យមិនតិចឡើយ ព្រោះកន្លែងល្បីៗនៅប្រទេសជាច្រើនជុំវិញពិភពលោក មានដូចជា Tour Eiffel, Pyramid Egypt, Brooklyn Bridge ជាដើម សុទ្ធតែបានបំភ្លឺពណ៌ផ្កាឈូកស្អាតចែងចាំង ដើម្បីស្វាមគមន៍អបអរដល់ការបញ្ចេញចម្រៀងរបស់ពួកគេទៀតផង។
យ៉ាងណាមិញ គេក៏រំពឹងទុកដែរថា វីដេអូចម្រៀងមួយនេះ នឹងរុញឱ្យ BLACKPINK បំបែកកំណត់ត្រាថ្មីៗជាច្រើន ក៏ដូចជាកាន់តែធ្វើឱ្យក្រុមមួយនេះមានឥទ្ធិពលនៅលើឆាកតន្ត្រីអន្តរជាតិដូចគ្នា៕