បែកធ្លាយរូបស្នាមរបួសរបស់ Angelina អំឡុងពេលឈ្លោះគ្នាជាមួយ Brad Pitt លើយន្តហោះ
ក្នុងរយៈពេលថ្មីៗនេះ ក្នុងពិភពសិល្បៈកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង ទៅលើព័ត៌មានបែកធ្លាយឯកសារសម្ងាត់ពីភ្នាក់ងារ FBI ជុំវិញរឿងក្ដីក្ដាំរវាង Angelina Jolie និង Brad Pitt លើករណីប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារលើយន្តហោះឯកជនរបស់ពួកគេ កាលពីខែកញ្ញា ឆ្នាំ ២០១៦ កន្លងទៅនោះ។
បើតាមឯកសាររបាយការណ៍របស់ FBI ដែលបានបែកធ្លាយនោះ បានបង្ហាញឱ្យឃើញថា តារាស្រី Angelina បានទម្លាយប្រាប់អ្នកស៊ើបអង្កេតថា Brad Pitt គឺបានស្ថិតក្នុងភាពស្រវឹង ហើយថែមទាំងស្រែកគំហកដាក់នាង រួមទាំងប្រើប្រាស់កម្លាំងបាយលើនាងក្នុងបន្ទប់ទឹកលើយន្តហោះ អំឡុងពេលធ្វើដំណើរត្រឡប់ទៅក្រុង Los Angeles វិញ។
មិនត្រឹមតែស្រែកឱ្យនាងថា «ឆ្កួត» នោះទេ Brad Pitt ថែមទាំងព្យាយាមប្រើហិង្សាទៅលើកូនពួកគេម្នាក់ (ក្នុងរបាយការណ៍មិនបញ្ជាក់ថាម្នាក់ណាឡើយ ប៉ុន្តែមហាជនជឿថាជា Maddox) ដោយភ្លាមៗនោះ Angelina ក៏បានយកដៃចាប់រឹតកទាញ Brad Pitt ពីក្រោយ ធ្វើឱ្យលោកថប់ដង្ហើម ហើយក៏ព្យាយាមរុញខ្លួនឯងទៅក្រោយ បណ្ដាលឱ្យទាំង ២ នាក់ដួលទៅលើកៅអី។ តាមការបញ្ជាក់របស់ Angelina បានឱ្យដឹងថា អំឡុងពេលនោះ រូបនាងក៏កើតមានរបួសផងដែរ លើខ្នង កែងដៃ និង ដៃខាងឆ្វេងរបស់នាង។
ដោយឡែក ស្រាប់តែពេលថ្មីៗនេះទៀត រូបភាពពណ៌ស-ខ្មៅ ដែលអាចជារូបភាពស្នាមរបួសរបស់តារាស្រី Angelina ក្នុងហេតុការណ៍លើយន្តហោះនោះ បានបែកធ្លាយចែកចាយពាសពេញបណ្ដាសារព័ត៌មាននានា។ រូបភាពចំនួន ២ សន្លឹកនោះ បង្ហាញឱ្យឃើញស្នាមក្រហមលើប្រអប់ដៃរបស់នាង និង មួយទៀតគឺរូបស្នាមរបួសលើកែងដៃ។
ទោះជាយ៉ាងណា ពាក្យបណ្ដឹង និង រូបភាពភស្តុតាងទាំងនេះ មិនបានជួយ Angelina ក្នុងការកាត់ទោសលើ Brad Pitt នោះឡើយ ដោយភ្នាក់ងារ FBI មិនបានឃាត់ខ្លួន ឬ ចោទប្រកាន់ Brad Pitt នោះទេ ក្រោយការស៊ើបអង្កេតរបស់ពួកគេបញ្ចប់ទៅក្នុងខែវិច្ឆិកា ឆ្នាំ ២០១៦។
ក្នុងរបាយការណ៍របស់ FBI បានលើកឡើងថា ក្រោយពីពិនិត្យសេចក្ដីថ្លែងការណ៍ទាក់ទងនឹងករណីនេះ អ្នកតំណាងម្នាក់មកពីការិយាល័យមេធាវីអាមេរិក បានធ្វើការពិភាក្សាលើការស៊ើបអង្កេតនេះជាមួយមន្ត្រីភ្នាក់ងារ FBI ដោយពួកគេបានបញ្ជាក់ថា ៖«ភាគីទាំងអស់ បានយល់ស្របថា ករណីនេះនឹងមិនត្រូវកាត់ទោសព្រហ្មទណ្ឌនោះឡើយ ដោយសារកត្តាមួយចំនួន»៕