មានគេទម្លាយថា មកទល់ពេលនេះនៅពុំទាន់មានសាច់ញាតិណាម្នាក់ ទៅសួរសុខទុក្ខ Pinky នៅឡើយ
ព័ត៌មានតារាស្រី Pinky មកទល់ពេលនេះ នៅរងំក្នុងចិត្តរបស់មហាជននៅឡើយទេ ខណៈតារាស្រីរូបនេះ រួមទាំងបងប្រុស និង ម្ដាយ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបញ្ជូនទៅពន្ធនាគារភ្លាមៗពីបទឆបោកលុយតាមរយៈប្រព័ន្ធអេឡិចត្រូនិច។
អ្វីដែលកាន់តែពិសេស តុលាបានសម្រេចចិត្តមិនឱ្យតារាស្រី Pinky និង ក្រុមគ្រួសារធានាខ្លួននៅក្រៅឃុំឡើយ ដោយហេតុថាខ្លាចរត់គេចខ្លួន និង ទម្ងន់នៃទោសមានកម្រិតធ្ងន់ពេក ដោយមានជនរងគ្រោះចំនួន ៩៨២៤ នាក់ សរុបជាទឹកប្រាក់ចំនួន ២ ៤៨៩ ៨២០ ៣២១.៥២ បាត ។
លើសពីនេះទៅទៀតនោះ ខណៈតារាស្រីរូបនេះ ម្តាយ និង បងប្រុសត្រូវបញ្ជូលចូលទៅក្នុងពន្ធនាគាររង់ចាំការដោះស្រាយមក ក៏មានសារព័ត៌មានថៃ Nineintertain បានទម្លាយថា តាំងពីម៉ោង ៩ ព្រឹកថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២២ នេះ នៅពុំទាន់មានឃើញសាច់ញាតិ ឬ មិត្តភក្តិរបស់តារាស្រី Pinky ណាម្នាក់ ចូលទៅសួរសុខទុក្ខនាងឡើយ។
លើសពីនេះទៅទៀតនោះ ប្រភពដដែលបានបន្តទៀតថា បើមើលទៅតារាស្រី Pinky ក៏នៅតែរឹងមាំដដែល ហាក់មិនមានកង្វល់អ្វីឡើយ ដោយទន្ទឹងរង់ចាំការស៊ើបអង្កេត និង កាត់ក្តីផងដែរ៕