ពេលជីវិតធ្លាក់ដល់បាត Zheng Shuang ទម្លាយថាអាចនៅរឹងមាំបាន ដោយសារមនុស្សសំខាន់
កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២២ កន្លងទៅ គឺជាថ្ងៃខួបកំណើតគម្រប់អាយុ ៣១ ឆ្នាំ របស់តារាស្រីចិនសម្បូររឿងអាស្រូវ Zheng Shuang។ ក្នុងថ្ងៃកំណើតនោះដែរ តារាស្រីរូបនេះ បានធ្វើការបង្ហោះសារមួយលើគណនីផ្ទាល់ខ្លួនរបស់នាង ដែលធ្វើឱ្យមហាជនជាច្រើនចាប់អារម្មណ៍ជាខ្លាំង។
តាមរយៈសារមួយនោះ Zheng Shuang បានសរសេររៀបរាប់ថា ៖ «បើទោះបីជាមានមនុស្សយល់ច្រឡំលើខ្ញុំច្រើនប៉ុណ្ណាក៏ដោយ ខ្ញុំនឹងមិនខ្លាចក្នុងការបញ្ជាក់ពីខ្លួនឯងនោះឡើយ។ ខ្ញុំនឹងមិនខ្លាចក្នុងការបញ្ជាក់ពីជំហរដ៏រឹងមាំរបស់ខ្ញុំ។ នៅពេលដែលបានឃើញស្នាមញញឹមរបស់កូនៗខ្ញុំ ខ្ញុំដឹងប្រាកដខ្លួនឯងណាស់ ថាខ្ញុំបានជ្រើសផ្លូវដើរត្រូវហើយ»។ សារដ៏មានអត្ថន័យមួយនេះដែរ បង្ហោះឡើងស្របពេលដែលនាង បង្ហោះរូបមួយសន្លឹកពោរពេញដោយស្នាមញញឹម ឱបឆ្កែចិញ្ចឹមរបស់នាងនៅឯសហរដ្ឋអាមេរិក។
ការបង្ហោះរបស់ Zheng Shuang បានទាក់ទាញចំណាប់អារម្មណ៍មហាជនជាច្រើន រហូតមានអ្នកបញ្ចេញមតិលើ Weibo រហូតដល់ជាង ៤ លាននាក់។ ក្នុងនោះដែរ មានអ្នកគាំទ្រខ្លះ បានធ្វើការចែករំលែករូបភាពរបស់នាង រួមទាំងធ្វើការសរសេរជូនពរថ្ងៃខួបកំណើតរបស់នាង ខណៈមួយចំនួនទៀត ក៏បានសរសេរលើកទឹកចិត្តដល់នាង ដោយពួកគេលើកឡើងថា នៅតែជឿជាក់ និង ស្រឡាញ់នាងជានិច្ច។
គួរឱ្យដឹងថា ក្រោយជួបប្រទះបញ្ហាគ្រួសារ និង រឿងគេចពន្ធ បច្ចុប្បន្ននេះ Zheng Shuang បានកំពុងតែរស់នៅឯសហរដ្ឋអាមេរិក ដើម្បីអាចនៅក្បែរជាមួយកូនៗរបស់នាង។ តាមការសម្រេចចិត្តរបស់តុលាការ Zheng Shuang គឺមិនទាន់ទទួលបានសិទ្ធិក្នុងការថែទាំកូនៗពេញទីនោះឡើយ ប៉ុន្តែរូបនាង អាចអនុញ្ញាតឱ្យទៅលេងកូនៗទាំង ២ រយៈពេល ៣ ថ្ងៃ ក្នុងមួយសប្ដាហ៍ ដោយមួយលើកៗ អាចចំណាយពេលជាមួយគ្នាបានយូរបំផុតត្រឹម ២ ម៉ោងកន្លះប៉ុណ្ណោះ។
មកទល់ពេលនេះ Zheng Shuang គឺកំពុងទទួលការហ្វឹកហាត់រៀនវគ្គមើលថែទាំកុមារ និង សិក្សាពីបញ្ហាផ្លូវចិត្តជាមួយអ្នកជំនាញផងដែរ។ ប្រសិនបើនាង អាចជាប់ការតេស្តសាកល្បងទាំងនេះ នាងនឹងអាចទទួលបានការមើលថែទាំកូនៗបានច្រើនជាងនេះ៕