សេង មង្គល ហួសចិត្តរហូតធ្លោយមាត់រក «ពុទ្ធោ» ក្រោយឃើញឈុតសម្លៀកបំពាក់បង្ហាញពីល្បែងស៊ីសង
កម្មវិធីប្រកួតសម្រស់ Miss Grand Cambodia 2022 បានឈានដល់វគ្គឈុតតំណាងខេត្ត-ក្រុង ចំនួន ៣៥ ដែលបង្ហាញដោយបេក្ខភាពទាំង ៣៥ នាក់ នៅរាត្រីថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២២។ ការបង្ហាញឈុតចំនួន ៣៥ ដែលសម្តែងចេញឱ្យឃើញពីអត្តសញ្ញាណខេត្ត-ក្រុងនីមួយៗក្នុងប្រទេសកម្ពុជា ឃើញថាមានភាពស្រស់ស្អាត ប្រណីត និង ទាក់ទាញភ្នែក ព្រមជាមួយអត្ថន័យ រហូតទទួលបានការលើកសរសើរយ៉ាងច្រើន។
ទន្ទឹមនឹងការលើកសរសើរនោះ ក៏មានឈុតតំណាងខេត្ត-ក្រុងល្បីរបស់កម្ពុជាមួយចំនួនទទួលបានការមិនពេញចិត្តផងដែរ មានដូចជាឈុតតំណាងក្រុងបាវិត និង ក្រុងប៉ោយប៉ែត ដែលឈុតទាំងពីរនេះបានឆ្លុះបង្ហាញពីភាពមិនសមរម្យ រៀបរាប់ពីប្រភេទល្បែងស៊ីសង រហូតដល់មានសាធារណជនបញ្ចេញមតិរិះគន់យ៉ាងខ្លាំងដល់ម្ចាស់កម្មវិធី និង អ្នកច្នៃឈុតនេះ។
ស្របពេលដែលមហាជន ក៏ដូចជាអ្នកសិល្បៈជាច្រើនកំពុងផ្ទុះការបញ្ចេញមតិរិះគន់ជាបន្តបន្ទាប់នោះ ក៏បានឃើញ តារាសម្ដែងប្រុស សេង មង្គល ក៏បានបង្ហោះសារមួយហាក់សំដៅដល់កម្មវិធីប្រកួតសម្រស់មួយនេះទាក់ទងនឹងរឿងរ៉ាវខាងលើផងដែរ ដោយលោកបានរៀបរាប់បង្ហាញការហួសចិត្តថា ៖ «ពុទ្ធោ… សន្លឹកបៀ និង គ្រាប់អាប៉ោងបង្ហាញខ្លួននៅមុខប្រាង្គប្រាសាទ»៕