ទម្លាយការពិត រឿងផ្ញើសារបោះឆ្នោតឱ្យបេក្ខជន Cambodian Idol ក្រោយផ្ទុះមតិវែកញែកពេញហ្វេសប៊ុក
ពិតណាស់ មហាជនអ្នកតាមដាន និង គាំទ្រកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូលកាលទី ៤ កំពុងបង្ហាញចិត្តរំភើប និង អន្ទះសាខ្លាំង ខណៈសល់តែពីរថ្ងៃទៀត ពោលគឺនៅរាត្រីថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២២ នេះ កម្មវិធីនឹងធ្វើការប្រឡងវគ្គផ្ដាច់ព្រ័ត្រហើយ ដែលជាវេលាស្វែងរកឃើញម្ចាស់ជ័យលាភីប្រចាំរដូវកាលថ្មីនេះ។
ក្នុងនោះដែរ ខណៈកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកនេះ កាន់តែកៀកថ្ងៃប្រឡងវគ្គផ្ដាច់ព្រ័ត្រ ឃើញថាមហាជនលើបណ្ដាញសង្គមកំពុងតែធ្វើការចាប់អារម្មណ៍ចែករំលែក ដោយបង្ហាញការគាំទ្រ និង ជូនពរចំពោះបេក្ខភាពដែលជាអាយដលក្នុងចិត្តរបស់ពួកគេរៀងៗខ្លួន។
ជាមួយគ្នានោះដែរ មហាជនអ្នកគាំទ្ររបស់កម្មវិធី ក៏កំពុងតែមានចម្ងល់ និង ចង់ដឹងទាក់ទងនឹងការផ្ញើសារបោះឆ្នោតដើម្បីគាំទ្រឱ្យបេក្ខភាពដែលអាយដលក្នុងចិត្តរបស់ពួកគេអាចមានឱកាសឈ្នះពានក្នុងវគ្គផ្ដាច់ព្រ័ត្រនេះផងដែរ ព្រោះកន្លងមកមានមតិក្នុងបណ្តាញសង្គមជាច្រើនបានលើកឡើងខុសៗគ្នាថា លេខទូរស័ព្ទមួយខ្សែអាចបោះឱ្យបេក្ខជនក្នុងម្នាក់ប៉ុន្មានដងក៏បាន បោះឱ្យកាន់តែច្រើន គឺកាន់តែល្អ។ មតិផ្សេងទៀតបានលើកឡើងថា លេខមួយខ្សែដដែលគឺមិនអាចបោះឱ្យបេក្ខជននេះផង បេក្ខជនោះផងបានទេ។
យ៉ាងណាមិញ ជុំវិញរឿងផ្ញើសារបោះឆ្នោតគាំទ្របេក្ខភាពជើងខ្លាំងកំពូលទាំង ៤ រូប នៃកម្មវិធីក្នុងរាត្រីវគ្គផ្ដាច់ព្រ័ត្រខាងមុខនេះ បើតាមប្រភពដែលអាចទុកចិត្តបានពីខាងក្រុមផលិតកម្មវិធីផ្ទាល់ បានប្រាប់ «ប្រជាប្រិយ» តាមរយៈប្រព័ន្ធសារអេឡិចត្រូនិចឱ្យដឹងថា ៖ «រាល់ការបោះឆ្នោត គឺលេខទូរស័ព្ទមួយខ្សែអាចផ្ញើសារបោះឱ្យបេក្ខជនទាំង ៤ នាក់បាន មិនមែនលេខមួយខ្សែអាចផ្ញើសារបោះឱ្យបានតែបេក្ខជនម្នាក់នោះទេ»។
ប្រភពដែលអាចទុកចិត្តបានពីខាងក្រុមផលិតកម្មវិធីផ្ទាល់ បានបន្តឱ្យដឹងទៀតថា ៖ «សម្រាប់ការផ្ញើសារបោះឆ្នោតឱ្យបេក្ខជនទៀតសោត ទោះបីប្រើលេខទូរស័ព្ទមួយខ្សែផ្ញើសារបោះឱ្យបេក្ខជនណាម្នាក់ច្រើនដងក្តី ក៏កម្មវិធីរាប់តែ ១ ដង ឬ ១ សំឡេងដដែល ពោលគឺមិនបានរាប់តាមចំនួនដង ឬ សំឡេង ដែលបងប្អូនបានផ្ញើសារបោះឱ្យច្រើនដងនោះទេ»៕