ផុតពីគ្រោះថ្នាក់មែន! ប៉ុន្តែ Jimmy Lin នៅតែឈឺជាប់រហូត ក្រោយពេលវះកាត់
យោងតាមការចុះផ្សាយរបស់ ETtoday កាលពីថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២២ បានរាយការណ៍ថា អ្នកតំណាងរបស់តារាសម្ដែងប្រុសតៃវ៉ាន់ Jimmy Lin បានប្រកាសជាផ្លូវការអំពីស្ថានភាពសុខភាពរបស់លោក ដើម្បីបញ្ចប់ពាក្យចចាមអារ៉ាមមិនពិត នៅលើបណ្តាញសង្គមនាពេលកន្លងមក។
ប្រភពដដែលបានបន្តថា អ្នកតំណាងរូបនេះ បាននិយាយថា Jimmy Lin បានរងរបួសជាច្រើនកន្លែង បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់ បណ្តាលឱ្យបាក់ដៃស្តាំ ឆ្អឹងថ្គាម ឆ្អឹងស្មា ប៉ះទង្គិចខួរក្បាល និង រលោកសួត។ ដោយតារាប្រុសរូបនេះ បានវះកាត់ថ្គាម ស្មា និងដាក់ដែកអមជាប់នឹងដៃ។
បច្ចុប្បន្ននេះ សុខភាពរបស់តារាប្រុសរូបនេះ មានស្ថេរភាពឡើងវិញច្រើនហើយ។ ទោះជាយ៉ាងក៏ដោយ លោកនៅតែមានការឈឺចាប់មុខរបួសត្រង់ស្មាខាងស្តាំរបស់លោកដដែល។
ជាក់ស្ដែងនៅថ្ងៃទី ២៦ ខែសីហា នៅលើគណនី Weibo ផ្ទាល់ខ្លួនរបស់ Jimmy Lin បានបង្ហោះសារដំបូង ដោយចែករំលែកជាដំណឹងអំពីស្ថានភាពរបស់លោក បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យភ័យខ្លាចអស់រយៈពេលជាងមួយខែ កាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២២៕