Esther សារភាពត្រង់ៗថា ខ្លាចតែអថ័នមកបំបែកបំបាក់ស្នេហ៍ ៧ ឆ្នាំ រវាងនាង និង ken
បើនិយាយពីគូស្នេហ៍តារាប្រុសស្រី Esther Supreeleela និង Ken Phupoom មហាជនភាគច្រើនមុខជាបានស្គាល់ច្បាស់ថាអ្នកទាំងពីរបានស្រឡាញ់គ្នាមកជាង ៧ ឆ្នាំហើយ ដោយឆ្លងកាត់រឿងរ៉ាវជាច្រើន។
នាមួយរយៈក្រោយនេះ គេសង្កេតឃើញថាតារាប្រុសស្រីគូនេះ ហាក់ស្ងប់ស្ងាត់មិនសូវបង្ហោះរូបភាពរួមគ្នាដូចមុន ហើយក៏មិនសូវចេញមុខទៅណាមកណាទាំងគូ ដែលជាហេតុធ្វើឱ្យមានការសង្ស័យថាអ្នកទាំងពីរអាចបែកគ្នាស្ងាត់ៗ។
យ៉ាងណាមិញ ជុំវិញបញ្ហានេះ Esther បានចេញមុខបកស្រាយថា៖ «ពួកយើងគឺនៅល្អនឹងគ្នាទេ គ្រាន់តែភាគច្រើនរវល់ការងាររៀងខ្លួន បើមានពេលក៏ពួកយើងនឹងបង្ហោះរូបតាមធម្មតា តែរយៈនេះគឺរវល់ជួយមើលថែរុក្ខជាតិដែលបង Ken គាត់ដាំ»។
«ហើយគ្រប់គ្នាគិតថាគ្រាន់តែលែងបង្ហោះរូបគូ គឺពួកខ្ញុំបែកគ្នា មិនមែនទេចាស៎! មិនពិតទេ គឺគ្រប់យ៉ាងនៅធម្មតា តែបើរឿងរៀបការអីនោះ គឺមិនទាន់គិតទេ គឺពួកយើងនៅទាក់ទងគ្នាជាសង្សារសិន ហើយរាល់ថ្ងៃគឺខំប្រឹងថែវាឱ្យល្អជាងមុន ដោយខ្ញុំផ្ទាល់គិតថាមិនទាន់ព្រមនៅឡើយ តែសារភាពថា ពេលខ្លះខ្ញុំក៏ខ្លាចអថ័នលេខ ៧ (ចង់មានន័យថា គូស្នេហ៍អាចនឹងបែកគ្នា ពេលទាក់ទងគ្នា ៧ ឆ្នាំ) ដែរ ប៉ុន្តែខ្ញុំជឿថា យើងទាំងពីរនឹងកាន់ដៃគ្នាទៅមុខ ហើយឆ្លងផុតវារួច»៕