មុនធ្វើអត្ត-ឃាត តារាកូរ៉េ Yoo Ju Eun សរសេរពាក្យផ្ដាំផ្ញើរំជួលចិត្តបំផុត
នៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២២ នេះ មហាជនអ្នកគាំទ្របានទទួលដំណឹងដ៏សោកស្តាយមួយទៀតហើយ គឺតារាសម្តែងស្រីកូរ៉េ Yoo Ju Eun បានដាច់ចិត្តធ្វើអត្តឃាតខ្លួនឯង លាចាកចេញពីលោកនេះទៅ នៅអាយុត្រឹមតែ ២៧ ឆ្នាំប៉ុណ្ណោះ។
យ៉ាងណាមិញ ក្នុងនោះ បើតាមការឱ្យដឹង នាងក៏បានបន្សល់ទុកនូវសំបុត្រផ្តាំផ្តែពាក្យចុងក្រោយរបស់ខ្លួនផងដែរ ដោយសំបុត្រមួយនេះ បងប្រុសរបស់នាង បានយកមកទម្លាយនៅតាមបណ្តាញសង្គម។
ក្នុងសំបុត្រមួយនោះ មានសេចក្តីថា « ខ្ញុំសុំទោស ដែលខ្ញុំចាកចេញទៅមុនអ្នកទាំងអស់គ្នា ជាពិសេសគឺសុំទោសអ្នកម៉ាក់ លោកប៉ា លោកយាយ និង បងប្រុស។ ចិត្តរបស់ខ្ញុំតែងតែស្រែកប្រាប់ថា ខ្ញុំមិនចង់រស់នៅទៀតឡើយ។ ពេលដែលគ្មានខ្ញុំនៅ អ្នកប្រហែលជាមានបាត់បង់អ្វីម៉្យាង ប៉ុន្តែត្រូវតែរឹងមាំណា ខ្ញុំនឹងចាំមើលអ្នក កុំយំណា វាមិនល្អសម្រាប់សុខភាពទេ។ ខ្ញុំមិនបានពិបាកចិត្ត ឬភ័យអ្វីនោះទេ តាមពិតទៅខ្ញុំពិតជាធម្មតាខ្លាំងណាស់ នេះប្រហែលជាខ្ញុំបានគិតពីវាយូរមកហើយ។
ខ្ញុំរស់នៅក្នុងជីវិតមួយយ៉ាងសប្បាយ ដែលខ្ញុំគិតថាខ្ញុំមិនស័ក្តសមនឹងទទួលវាឡើយ វាគ្រប់គ្រាន់ហើយ ហើយក៏កុំបន្ទោសលើអ្នកណានោះអី។ ខ្ញុំមិនបានស្លាប់ទេ ដូច្នេះសូមឱ្យអ្នកទាំងអស់គ្នារស់នៅឱ្យមានក្តីសុខ ខ្ញុំសង្ឃឹមថា នឹងឃើញមនុស្សជាច្រើននៅក្នុងបុណ្យសពរបស់ខ្ញុំ ព្រោះខ្ញុំចង់ដឹងថា តើពួកគេមានអ្វីលាក់ក្នុងចិត្តខ្លះ។ ខ្ញុំពិតជាចង់សម្តែងទៀតណាស់ ព្រោះវាជាចំណែកមួយរបស់ខ្ញុំ តែសោកស្តាយ ខ្ញុំមិនបានធ្វើវាទៀតទេ ខ្ញុំមិនចង់ធ្វើអ្វីទៀតឡើយ អ្វីគ្រប់យ៉ាងពិតជាគួរឱ្យរញ៉េរញ៉ៃខ្លាំងណាស់ »។
យ៉ាងណាមិញ មហាជនអ្នកគាំទ្រទាំងឡាយ ពិតជាសោកស្តាយខ្លាំងណាស់ សម្រាប់ការលាចាករបស់តារាស្រីរូបនេះ ហើយគេក៏សង្ឃឹមថានាងនឹងបានទៅដល់ទីស្ងប់សុខផងដែរ៕