មិនស្មាន Natalie Tong ធ្លាប់ដេកយំ ៣ ថ្ងៃ ព្រោះត្រូវគ្រូផ្នែកកុនស្តីថាសម្ដែងអន់ជាងសំរាម
ថ្មីៗនេះ តារាសម្ដែងស្រីប្រចាំប៉ុស្តិ៍ទូរទស្សន៍ TVB នាង Natalie Tong បានបង្ហាញវត្តមានក្នុងកម្មវិធីមួយរបស់ Youtube channel របស់តារាស្រី Sharon Chan ដោយរូបនាងបានទម្លាយរឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍មួយចំនួនជុំវិញអាជីពជាតារាសម្ដែងរបស់នាង។
តារាស្រីវ័យ ៤១ ឆ្នាំរូបនេះ បានទម្លាយថា កាលពីក្មេងនាងគឺជាមនុស្សមិនសូវចេះមាត់ក ហើយតែងតែមានអារម្មណ៍ថាឯកោ។ ដោយសារបែបនេះហើយ ទើបនាងជឿជាក់ថា នេះអាចជា «បំណងរបស់ព្រះ» ដែលឱ្យនាងឈានជើងចូលវិស័យសម្ដែង ដើម្បីនាងអាច ផ្លាស់ប្ដូរខ្លួនឯងបាន។
មុនបង្ហាញខ្លួនក្នុងខ្សែភាពយន្តដ៏ល្បីរបស់ទូរទស្សន៍ TVB រឿង «My Unfair Lady» នាង Natalia បានទម្លាយឱ្យដឹងទៀតថា នាងធ្លាប់បានធ្វើដំណើរទៅប្រទេសម៉ាឡេស៊ី ដើម្បីទទួលការណែនាំហ្វឹកហាត់ពីសាស្ត្រាចារ្យផ្នែកកុនសញ្ជាតិបារាំងម្នាក់ឈ្មោះ Philippe Gaulier ដែលលោកជាញឹកញាប់តែងតែបើកកម្មវិធី workshops នានាក្នុងប្រទេសនោះ។
លោកសាស្ត្រាចារ្យ Philippe គឺជាគ្រូផ្នែកកុនម្នាក់ដែលល្បីល្បាញខាងមាត់ឆៅ ដែលរូបលោកតែងតែនិយាយណែនាំស្ដីឱ្យកូនសិស្សលោកគ្មានសំចៃមាត់នោះឡើយ ដើម្បីឱ្យកូនសិស្សទាំងនោះមានការឈឺចាប់ និង ចេះប្រឹងប្រែងទទួលស្គាល់កំហុសខ្លួនឯង កែប្រែសមត្ថភាពខ្លួនឱ្យបានល្អប្រសើរ។
Natalia និយាយទាំងឥតលាក់លៀមថា នាងចាំថា នាងធ្លាប់ដេកយំអស់ពេល ៣ ថ្ងៃ អំឡុងចូលសិក្សាវគ្គខ្លី ដោយរូបនាងត្រូវបានលោក Philippe ស្ដីឱ្យចុកៗថា នាងគឺសម្ដែង «អន់ជាងសំរាម» ទៅទៀត។ នាងបានរៀបរាប់ថា ៖ «ខ្ញុំមានអារម្មណ៍ថា ខ្ញុំអន់ជាងធូលីនៅលើឆាកទៅទៀត ហើយខ្ញុំមិនដែលដឹងសោះថា ការសម្ដែងរបស់ខ្ញុំគឺអន់ដល់ថ្នាក់ហ្នឹងសោះ»។
Natalia បន្តទៀតថា ៖ «ខ្ញុំពិតជាអន់ចិត្តខ្លាំងមែននៅពេលនោះ ប៉ុន្តែប្រសិនបើយើងជឿជាក់លើការបង្រៀនរបស់គាត់ (Philippe) នោះយើងនឹងអាចឆ្លងកាត់ឧបសគ្គនេះបាន ហើយគាត់នឹងធ្វើការបង្រៀនយើងបានយ៉ាងល្អបំផុត»៕