Pat ទម្លាយទាំងអួលដើម-ក ធ្លាប់ត្រូវសង្គមវាយតម្លៃខ្លាំងៗ ពេលប៉ូលិសហៅនាងចូលបំភ្លឺក្តីអតីតប្តី
បើនិយាយពីជីវិតតស៊ូរបស់អ្នកមេម៉ាយសាច់ខ្ចី តារាសម្តែងស្រី Pat Napapa មហាជនភាគច្រើនមុខជាបានស្គាល់ច្បាស់ថា តារាស្រីរូបនេះទោះជួបព្យុះភ្លៀងយ៉ាងណា នាងក៏នៅតែក្រោកមកវិញយ៉ាងរឹងមាំ ហើយមើលថែកូនប្រុសតែម្នាក់បានយ៉ាងល្អ។
ថ្មីៗនេះ Pat បានចេញមុខទម្លាយអតីតកាលអំឡុងពេលជួបរឿងក្តីរបស់អតីតស្វាមីទាំងអួលដើមកថា ៖ «ខ្ញុំឆ្លងកាត់រឿងឈឺចាប់រាប់មិនអស់ ឈឺខ្លាំងរហូតធ្លាប់គិតចង់ចេញពីសិល្បៈទៀត និយាយពិតមែន ព្រោះអំឡុងពេលនោះគឺខ្ញុំមានសម្ពាធខ្លាំងណាស់ ហើយបើសិនជាធៀបនឹងរឿងក្តីដែលកំពុងផ្ទុះពេលនេះ គឺខ្ញុំយល់ច្បាស់ក្នុងនាមជាតារាស្រីម្នាក់ ហើយក៏ជាម្តាយមួយ»។
«ក្នុងអំឡុងពេលប៉ូលិសហៅខ្ញុំទៅបំភ្លឺរឿងក្តី ខ្ញុំជួបទុក្ខលំបាកច្រើនណាស់ ជាពិសេសផ្លូវចិត្ត ដោយរឿងនេះជារឿងគ្រួសារ ហើយកូននៅក្មេងត្រូវយកម៉ាស៊ីនបូមទឹកដោះទៅប៉ុស្តិ៍ប៉ូលិសដើម្បីទុកបំបៅកូន ថែមទាំងមានអ្នកកាសែតព័ទ្ធជុំវិញ ហើយចំពោះក្រសែភ្នែកមហាជន និង សង្គមវិញ គ្រាន់តែឃើញខ្ញុំចូលប៉ុស្តិ៍ប៉ូលិស គឺពួកគាត់មិនទាន់បានវែកញែកថាយើងខុសត្រូវ ឬ មានភស្តុតាងឬអត់ទេ ឱ្យគេឃើញគឺវាយតម្លៃយ៉ាងចាស់ដៃ»។
«ព្រោះតែរឿងលើកនោះខ្ញុំបាត់ការងារជាច្រើន តែក៏ចាត់ទុកថាជាអភិនីហារ ដែលចៅហ្វាយម្នាក់គាត់ចិត្តល្អឱ្យខ្ញុំធ្វើជាអ្នកតំណាងរបស់គាត់ ៨ ឆ្នាំ ហើយមិនបណ្តេញខ្ញុំចេញ ថែមទាំងលើកទឹកចិត្តខ្ញុំ ប្រាប់ថាគាត់ស្គាល់ខ្ញុំ គាត់ដឹងច្បាស់ថា Pat មិនពាក់ព័ន្ធ ហើយចុងក្រោយលទ្ធផលចេញមកគឺមិនមានអ្វីទាក់ទងនឹងខ្ញុំទាល់តែសោះ ប៉ុន្តែពាក្យនិន្ទានៅតែមាន ហើយការវាយតម្លៃពីសង្គមគឺនៅតែម្តងម្កាល។ តែខ្ញុំយល់ច្បាស់ ខ្ញុំដឹងថាវាមានសម្ពាធហើយឈឺចាប់យ៉ាងណា តែយើងក៏ត្រូវឆ្លងវាឱ្យរួច»៕