Kwan បញ្ចេញភស្តុតាងវីដេអូកាមេរ៉ាសុវត្ថិភាពច្បាស់ៗ ក្រោយគេសង្ស័យបង្ខំធ្វើបាបលើឈ្នួល
ថ្មីៗនេះ ពិតជាមានការផ្ទុះផ្អើលនៅក្នុងសិល្បៈថៃជាថ្មី ដោយមានប្រភពមួយចេញមកទម្លាយថា មានតារាម្នាក់មានអត្តចរិតមិនល្អបានបង្ខំប្រើប្រាស់ឈ្នួលហួសកម្លាំង ហើយថែមទាំងបង្ខំឱ្យបាយទឹកចានជាមួយសត្វឆ្កែទៀតផង ពិតជាទង្វើដែលពិបាកទទួលយកណាស់។
ក្នុងនោះពេលនេះតារាស្រី Kwan Usamanee ជាជនម្នាក់ ដែលកំពុងតែត្រូវគេសង្ស័យយ៉ាងខ្លាំងជាងគេនៅក្នុងរឿងនេះផងដែរ ព្រោះតែថ្មីៗនេះនាងទើបតែប្រកាសរកអ្នកមកជួយចិញ្ចឹមឆ្កែទាំង ១២ ក្បាលរបស់ខ្លួន។ យ៉ាងណាមិញ ក្រោយពីត្រូវមហាជនព្រួតសង្ស័យ និង រិះគន់ជាពាក្យពេចន៍ផ្សេងៗ តារាស្រី Kwan Usamanee ក៏បានចេញមុខមកបកស្រាយជាមួយសារព័ត៌មានរួចហើយផងដែរ។ ជាមួយនឹងសារព័ត៌មាន នាងបានឱ្យដឹងថា វាពិតជាគ្មានរឿងដូចគេចោទប្រកាន់នោះទេ នាងមិនបានប្រព្រឹត្តបែបនេះឡើយ។ នាងទើបតែដកឈ្នួលពីរនាក់ទៅពិតមែន ព្រោះតែគេធ្វើឱ្យឆ្កែនាងប៊ិះស្លាប់ ប៉ុន្តែនាងមិនបានធ្វើដល់ថ្នាក់ដូចដែលគេបានទម្លាយឡើយ។
យ៉ាងណាមិញ នៅថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២២ នេះ Kwan ក៏បានចេញមុខមកទម្លាយវីដេអូកាមេរ៉ាសុវត្ថិភាពផ្ទះរបស់ខ្លួនដោយផ្ទាល់ ព្រមជាមួយនឹងការបកស្រាយជាហូរហែម្តងទៀត។ នាងបានឱ្យដឹងថា ក្នុងនោះនាងមានឆ្កែមួយក្បាលអាយុជាង ២០ ឆ្នាំ មានជំងឺជរាទ្រុឌទ្រោមខ្លាំង ធ្វើអ្វីដោយខ្លួនឯងមិនបានឡើយ ទើបនាងត្រូវរកមនុស្សមកជួយមើល។
ហើយនាងបន្តទៀតថា កាលដែលអតីតឈ្នួលនោះបានអះអាងថា បានដេកតែមួយម៉ោងនោះ នាងសូមឱ្យមើលនៅក្នុងវីដេអូដោយខ្លួនឯង។ ចំណែករឿងអះអាងថា បាយទឹកចានជាមួយឆ្កែនោះ នាងក៏សុំឱ្យមហាជនពិចារណាផងដែរថា តើមានអ្នកណាដែលសុខចិត្តឱ្យគេធ្វើបែបនេះដាក់នោះ។
លើសពីនេះទៅទៀត ខណៈដែលនាង និង ម្តាយត្រូវចុះទៅតាមខេត្តឆ្កែត្រូវចូលមន្ទីរពេទ្យ ហើយឈ្នួលរូបនេះគ្រាន់តែបញ្ចូនឆ្កែឡើងឡានពេទ្យរួច ក៏ចូលទៅដេកវិញបាត់ ទាំងដែលដឹងថាឆ្កែទន់ខ្សោយខ្លាំងជួយខ្លួនឯងមិនបាន។ ឈ្នួលរូបនេះ ក៏ថែមថតរូបខ្លួននៅផ្ទះរបស់នាង ហើយផុសនៅបណ្តាញសង្គមដូចជាផ្ទះខ្លួនឯង ហើយថែមទាំងជេរឆ្កែផ្សេងៗរបស់នាងទៀត។
ចំណែករឿងលុយប្រាក់ខែ គឺមានការយល់ព្រមគ្នាជាមុន ព្រមទាំងផ្អែកទៅលើប្រសិទ្ធភាពនៃការងារ។ ចុងក្រោយ នាងបញ្ចប់ដោយនិយាយទៅកាន់អតីតឈ្នួលថា ហេតុអ្វីមិនយកពេលទៅអភិវឌ្ឍខ្លួនឯង ជៀសជាងមកបង្កើតរឿងរ៉ាវទាក់ទាញចំណាប់អារម្មណ៍បែបនេះ ហើយនេះគឺជាលើកទីមួយ ក៏ដូចជាលើកចុងក្រោយ ដែលនាងបកស្រាយរឿងនេះទីនេះដូចគ្នា៕