MGC 2022 ពេជ្រ វត្តីសារ៉ាវឌ្ឍី ដុតដៃដុតជើងជួយរកជំនួយជួលជុលសាលាឱ្យកូនសិស្សខ្វះខាត
បវរកញ្ញាគ្រងមកុដ Miss Grand Cambodia 2022 ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហាញទឹកចិត្តដ៏គួរឱ្យសរសើរចំពោះកូនសិស្សសាលាតូចៗកំពុងខ្វះខាត់ត្រូវការជំនួយ ព្រោះគ្មានកន្លែងរៀនសូត្រត្រឹម ដោយសារសាលារៀនត្រូវទឹកលិច។
ក្នុងនោះ Miss Grand កម្ពុជាឆ្នាំ ២០២២ រូបនេះ បានឱ្យដឹងថា នាងនឹងយកថវិកាផ្ទាល់ខ្លួនមួយចំនួន ជួយជួលជុលដំបូលសាលាបឋមសិក្សាមួយខ្នងឈ្មោះថា ព្រៃគគីរ ស្ថិតនៅភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង ហើយទន្ទឹមនឹងនោះ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានអំពាវនាវដល់សប្បុរសជនអ្នកប្រើប្រាស់បណ្ដាញសង្គមដែលមានចិត្តសប្បុរសធម៌ចូលរួមជួយតាមមសទ្ធា។
ម្ចាស់មកុដ MGC 2022 ខាងលើ ខ្នះខ្នែងជួយដល់កុមារតូចៗដែលខ្វះខាតនេះ ក៏ព្រោះដើម្បីទំពាំងស្នងឫស្សីរបស់កម្ពុជា។ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានរៀបរាប់ថា ៖ «ចាប់ផ្ដើមជួសជុលហើយបងប្អូន ព្រោះភ្លៀងម្តងៗលិចខ្ចេចខ្ទី សិស្សរៀនមិនកើតទេ។ ខ្ញុំនឹងយកថវិកាផ្ទាល់ខ្លួន និង ពីសប្បុរសជនទៅជួយខាងសាលានៅថ្ងៃទី ១០ ខាងមុខនេះ បងប្អូនចង់ចូលរួមជាសម្ភារៈសិក្សាដល់ក្មេងៗ ឬថវិកាជួសជុលសាលាអាចទាក់ទងខ្ញុំបាន អរគុណ»៕