រៀបការបាន ៦ ឆ្នាំ មានកូន ២ នាក់ហើយ Noey និង ប្តី ទើបសម្រេចចិត្តបំពេញមុខតាមផ្លូវច្បាប់
រំឭកដល់ឈ្មោះអ្នកម៉ាក់រូបស្រស់ Noey Chotika ប្រិយមិត្តប្រាកដជាបានស្គាល់ជាក់ជាពុំខាន ព្រោះនាងមិនត្រឹមជាតារាស្រីដ៏ឆ្នើមនៅក្នុងសិល្បៈនោះទេ តែបើនិយាយពីរូបម្រស់ និង ជីវិតការរស់នៅរបស់នាងវិញក៏មិនធម្មតាដែរ។
ទន្ទឹមនឹងការរស់នៅយ៉ាងមានក្តីសុខរួមជាមួយមនុស្សដែលខ្លួនស្រឡាញ់ និង កូនៗទាំងពីរហើយ អ្វីដែលអ្នកម៉ាក់រូបនេះមិនភ្លេចនោះគឺការបញ្ជាក់ពីភាពច្បាស់លាស់រវាងប្តីប្រពន្ធ ពោលគឺក្រោយរៀបការអស់រយៈពេលជាយូរឆ្នាំមក ថ្មីៗនេះប្តីប្រពន្ធអ្នកទាំងពីរទើបសម្រេចចិត្តកាន់ដៃគ្នាទៅចុះសំបុត្រអាពាហ៍ពិពាហ៍ដោយស្របច្បាប់។
យ៉ាងណាមិញ គ្រាន់តែឃើញរូបភាពប៉ុន្មានសន្លឹករបស់ប្តីប្រពន្ធមួយគូនេះហើយ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនលួចច្រណែនមិនស្ទើរនោះទេ ពិសេសនៅពេលដែលបានឃើញខេបសិនយ៉ាងចាក់ដោតរបស់អ្នកម៉ាក់រូបនេះសរសេរភ្ជាប់ជាមួយរូបភាពដែលនាងបង្ហោះតែម្តង ពោលគឺនាងបានសរសេរថា ៖ «ទាក់ទងមើលចិត្តគ្នា ១៤ ឆ្នាំ ក៏សម្រេចចិត្តរៀបការជាមួយគ្នាបាន ៦ ឆ្នាំហើយ មានកូន ២ នាក់ ពេលនេះទើបបានមកចុះសំបុត្រអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់ កន្លងមកសាកល្បងហើយ តែលទ្ធផលមិនអាចរស់ខ្វះគ្នាបានទេ ស្រឡាញ់បងណាប្តី»៕