ភ្ញាក់ផ្អើល! Deng Lun លេចមុខលើកដំបូង ក្រោយជួបរឿងអាស្រូវគេចពន្ធ ១៦.៦ លានដុល្លារ
កាលពីដើមឆ្នាំ ២០២១ កំពូលតារាសម្តែងចិន Deng Lun ត្រូវបានរងការផាកពិន័យជាប្រាក់ចំនួន ១០៦ លានយន់ (ប្រហែល ១៦.៦ លានដុល្លារ)។ ដោយសារតែនាយកដ្ឋានពន្ធដារបស់ចិន បានប្រើប្រាស់បច្ចេកវិទ្យា Big Data ដើម្បីវិភាគទិន្នន័យរកឃើញមានភាពមិនប្រក្រតីលើពន្ធ។
ជាលទ្ធផលបានធ្វើឱ្យមានការផាកពិន័យចំពោះការគេចពន្ធលើតារាប្រុសរូបនេះយ៉ាងច្រើន។ បន្ទាប់ពីថ្ងៃនោះមករហូតដល់ពេលនេះ គឺបានកន្លងទៅច្រើនខែមកហើយ ដែលអ្នកគាំទ្ររបស់ Deng Lun មិនបានឃើញមុខលោកទាល់តែសោះ។
ទោះយ៉ាងណាក៏ដោយ ថ្មីៗនេះក៏បានឃើញនៅលើគេហទំព័រហ្វេសប៊ុកផេករបស់អ្នកគាំទ្រ Deng Lun បានបង្ហោះរូបភាព តារាប្រុសរូបនេះ បានចេញមកដើរលេងជាមួយនឹងមិត្តភក្តិ។ គ្រាន់តែរូបភាពទាំងនេះ បង្ហោះចេញមិនប៉ុន្មានផង ឃើញមានក្រុមអ្នកគាំទ្រជាច្រើនបានសម្តែងក្តីរំភើបត្រេកអរ និងផ្ញើសារនឹករលឹកដល់លោកយ៉ាងខ្លាំង ព្រមទាំងសង្ឃឹមថាលោកអាចនឹងវិលត្រឡប់មកកាន់វិស័យសិល្បៈវិញ នាពេលអនាគត។
គួររំឭកផងដែរថា កាលពីក្នុងឆ្នាំ ២០១២ តារាសម្ដែង Deng Lun បានមានឱកាសចូលប្រឡូកក្នុងវិស័យភាពយន្តចិន ដោយបានដើរជាតួអង្គសម្ដែងក្នុងរឿងភាគ ដែលនិពន្ធចេញពីប្រលោមលោកដ៏ល្បីរបស់តៃវ៉ាន់។ ក្រោយពីទទួលបានប្រជាប្រិយភាពខ្លាំង តារាប្រុសរូបនេះក៏បានបោះជំហានសម្ដែងក្នុងរឿង «The Legend of Love វគ្គ ៣» ដែលផ្អែកលើប្រលោមលោកមានឈ្មោះអ្នកនិពន្ធដូចគ្នា៕