ឆ្លងកាត់សមរភូមិស្នេហារាប់ភ្លេច នេះហើយជាមូលហេតុដែល Kwan បែកសង្សារប្រាវៗមិនចេះស្តាយ
បើនិយាយទៅ Kwan Usamanee ប្រិយមិត្តប្រាកដជានឹកឃើញភ្លែតទៅដល់តារាស្រីដែលមានរូបសម្ផស្សស្រស់ស្អាត មុខមាត់សិចស៊ី ជាមួយនឹងសមត្ថភាពសម្តែងយ៉ាងល្អ ជាពិសេសទៅទៀតនោះ បើនិយាយដល់រឿងបេះដូងវិញ គឺនាងហាក់មានមានបទពិសោធច្រើនណាស់។
ក្នុងនោះ តារាស្រីរូបនេះបានឆ្លងកាត់សមរភូមស្នេហារាប់ភ្លេចទៅហើយ ដោយក្នុងស្នេហាមួយៗរបស់នាង គឺមិនសូវបានស្ថិតស្ថេរយូរប៉ុន្មាននោះទេ ជាពិសេសក្រោយពីទើបបានបញ្ចប់ស្នេហាជាមួយនឹងសង្សារជាមន្រ្តី ឥឡូវនេះ Kwan ក៏បានជំពប់ស្នេហ៍ជាមួយនឹងអ្នកក្រៅរង្វង់សិល្បៈម្នាក់ទៀត។
យ៉ាងណាមិញ ជារឿយៗ Kwan ក៏តែងតែទម្លាយពីរឿងរ៉ាវស្នេហារឿងរ៉ាវបេះដូងរបស់ខ្លួនឱ្យមហាជនអ្នកគាំទ្របានដឹងនៅតាមការសម្ភាសផ្សេងៗជានិច្ច ដោយមិនគិតលាក់លៀមឡើយ។ ជាក់ស្តែង ថ្មីៗនេះ Kwan ក៏បានឡើងកម្មវិធីសម្ភាសមួយទៀតហើយរបស់ Woody ដោយនាងបានទម្លាយរឿងរ៉ាវជីវិតផ្ទាល់ខ្លួនជាច្រើន ជាពិសេសគឺរឿងស្នេហានេះឯង។
Kwan បានឱ្យដឹងថា នាងបានគិតគូរចង់មានគ្រួសារហើយ ដោយមនុស្សប្រុសដែលនាងនឹងជ្រើសជាគូនោះ នាងមិនត្រូវការអ្នកមាននោះទេ គឺនាងត្រូវមនុស្សមានខួរក្បាល ជាមនុស្សល្អមានសីលធម៌ ហើយបើជាមនុស្សកុហកទៀតនោះ គឺនាងរឹតតែមិនត្រូវការ។
នាងបន្តទៀតថា មិនថាក្នុងឋានៈណានោះទេ ភាពស្មោះត្រង់គឺត្រូវតែមានចំពោះគ្នាទៅវិញទៅមក ហើយចំណែកសង្សារចាស់មុនៗនេះ គឺនាងបានបែកគ្នាដោយសារតែរឿងកុហកនេះឯង។ កុហកលើកទីមួយអាចនិយាយគ្នាបាន តែនាងនឹងមិនដូចដើមនោះទេ ហើយបើមានលើកទីពីរនោះនាងនឹងបែកភ្លាម សូម្បីតែបែកហើយក៏មិនចាំបាច់មកជាមិត្តភក្តិនោះដែរ នាងមិនចង់បានមនុស្សស្គាល់គ្នាធម្មតានាងក៏មិនចង់ធ្វើដូចគ្នា គឺនាងនឹងកាត់ផ្តាច់តែម្តង។
នៅថ្ងៃអនាគត មនុស្សដែលចូលមកសាងគ្រួសារជាមួយនាង មិនចាំបាច់សាងទ្រព្យឱ្យនាងថែមនោះទេ គ្រាន់តែមិនធ្វើបាបផ្លូវចិត្តនាងទៅប៉ុណ្ណេះគឺបានទៅហើយ។ យ៉ាងណាមិញ មហាជនអ្នកគាំទ្រក៏ជូនពរឱ្យនាងឆាប់ប្រទះគូដែលសមបំណងផងដែរ៕