ទាំងព្រលឹមអុល! ស្ថាប័ន MGC ផ្ទុះកំហឹងជាថ្មី ដាក់ផាំងៗឱ្យ គួច ខេវិន រឿងធៀបបវរកញ្ញាខ្លួនជាស្រីសោភិនី
កាលពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២២ កន្លងទៅ លោក គួច ខេវិន ដែលគេស្គាល់ជាផលិតករដ៏ល្បីមួយរូបនោះ បានបង្ហោះសារប្រៀបធៀបបេក្ខភាព Miss Grand Cambodia 2022 ថាមិនមែនជ្រើសរើសសុភាពនារីថ្លៃថ្នូរប្រកបដោយកិត្តិគុណទេ តែដូចជាការប្រជែងជ្រើសរើសស្រីសោភិនី ឬ នារីពេស្យាចារទៅវិញ។
សាររបស់ផលិតករខាងលើបានធ្វើឱ្យស្ថាប័ន Miss Grand Cambodia ផ្ទុះប្រតិកម្មជាខ្លាំង ដោយស្ថាប័នមួយនេះបានអះអាងថា ការលើកឡើងរបស់លោក គួច ខេវិន គឺជាការមើលងាយស្រ្តីភេទ និង មិនគោរពសិទ្ធិមនុស្សទាល់តែសោះ។
យ៉ាងណាមិញ មកដល់ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២២ ទំព័រហ្វេសប៊ុកផេកផ្លូវការរបស់ Miss Grand Cambodia បានប្រកាសឱ្យលោក គួច ខេវិន ចេញមុខសុំទោស បើពុំដូច្នេះទេខាងស្ថាប័ននឹងមិនបណ្ដោយឱ្យរឿងមួយនេះបញ្ចប់ទៅដោយងាយឡើយ។
នេះជាការរៀបរាប់ទាំងស្រុងរបស់ Miss Grand Cambodia ៖ «ទោះមានការមើលងាយស្រ្តីភេទ និង មិនគោរពសិទ្ធិមនុស្សបានកើតឡើងយ៉ាងពិតប្រាកដមែននៅក្នុងប្រទេសកម្ពុជា ជាពិសេសមកលើបេក្ខភាព Miss Grand Cambodia 🇰🇭 2022 ពីបុគ្គល គួច ខេវិន តើមានអ្នកណាមកជួយក្រុមយើងទេនៅពេលដែលគេមើលងាយមើលថោកយ៉ាងខ្លាំង ដោយបុគ្គល គួច ខេវិន បានប្រៀបធៀបក្រុមយើង ជាស្ត្រីលក់ខ្លួន អត់មានបានគិតថា ម្ដាយគាត់ក៏ជាស្រីដែរ ហើយក៏មានបងប្អូនជាស្រីដែរ តែគាត់ហ៊ានមើលងាយក្រុមយើងទៅរួច ឬ ក្រុមគ្រួសារម្ដាយគាត់ធ្លាប់រកស៊ីលក់ខ្លួនពីមុនមកទើបគាត់ដឹងច្បាស់ម៉េស! Miss Grand Cambodia 2022 នឹងតស៊ូមតិគ្មានថ្ងៃបញ្ចប់ទេ! បុគ្គល គួច ខេវិន នេះធ្លាប់ធ្វើជាអ្នកដឹកនាំកម្មវិធី TV ធំៗដែរ នៅប្រទេសកម្ពុជា ហើយជាមនុស្សដែលមានការចេះដឹងខ្ពស់ដែរ រស់នៅ USA ទៀត តែបែរទៅមានគំនិតថោកទាបទៅវិញ បើមិនសុំទោសយើងរឿងនេះមិនចប់ទេលោក គួច ខេវិន!»៕