ខ្លោចចិត្ត! Jimmy Lin ផុតពីគ្រោះថ្នាក់មែន ប៉ុន្តែដៃស្តាំដាក់ដែកអមនៅដៃ នៅមិនអាចចាប់កាន់អ្វីបាន
យោងតាមការចុះផ្សាយរបស់ ETtoday នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២២ បានរាយការណ៍អំពីបទសម្ភាសជាមួយនឹងតារាសម្ដែងប្រុស Jimmy Lin ក្រោយជាសះស្បើយពីគ្រោះថ្នាក់ចរាចរណ៍។
ក្នុងនោះ តារាប្រុសរូបនេះ បាននិយាយប្រាប់សារព័ត៌មានថា បច្ចុប្បន្នគាត់មានទម្ងន់ ៥៥ គីឡូក្រាម ឡើងបាន ៥គីឡូក្រាម បើធៀបនឹងពេលគេងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ក្រោយជួបឧបទ្ទវហេតុ លោកបានស្រកគីឡូខ្លាំងដល់ ១០គីឡូក្រាម។
បើតាមសម្តីរបស់តារាសម្ដែងរូបនេះ និយាយអំពីបញ្ហារបស់គាត់នៅពេលនេះ គឺដៃស្តាំរបស់គាត់នៅខ្សោយ និងគ្មានកម្លាំង។ ដោយមិនអាចគ្រប់គ្រងបាន សូម្បីតែចាប់ដៃរបស់ស្រាលៗដូចជា ក្រាស់សិតសក់ ឬ ម៉ាស៊ីនផ្លុំសក់ ក៏ចាប់កាន់មិនបានផង។ បញ្ហានេះ ត្រូវការប្រើពេលព្យាបាលយូរ ដើម្បីឱ្យសាច់ដុំដៃមានសភាពកម្រើកអាចកាន់របស់បានវិញ។
គួរបញ្ជាក់ផងដែរថា ក្នុងគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២២ តារាសម្ដែងរូបនេះ បានរងរបួសធ្ងន់ ដោយដៃខាងស្តាំ និង ស្មារបស់លោកត្រូវបានបាក់។ ហើយត្រូវវះកាត់តឆ្អឹង ដោយដាក់ដែកអមនៅដៃ៕