ប្លែកមិនធ្លាប់មានពីមុន! IU ជិះបាឡុង បង្ហើរសំនៀងពីលើវេហាជូនអ្នកគាំទ្រស្ដាប់
តារាស្រីមុខផ្អែម IU ជារឿយៗតែងតែស្អំបេះដូងមហាជនអ្នកគាំទ្រជាច្រើន ឱ្យបាក់ធ្លាក់អន្លង់ស្នេហ៍ពិបាករកផ្លូវចេញ តាមរយៈសម្រស់ដ៏ស្រស់ស្រទន់ ជាមួយនឹងសមត្ថភាពសិល្បៈដ៏សម្បូរបែប ជាពិសេសគឺទឹកចិត្តល្អសប្បុរសធម៌របស់នាងដែលតែងតែជួយអ្នកដទៃនោះ។
យ៉ាងណាមិញ បន្ទាប់ពីការប្រគុំតន្រ្តីលើកចុងក្រោយនៅក្នុងឆ្នាំ ២០១៩ និងការចេញអាល់ប៊ុមចម្រៀងជាច្រើនបន្តបន្ទាប់ នៅក្នុងឆ្នាំ ២០២២ នេះ ស្រីស្រស់ IU ក៏បានត្រលប់មកធ្វើការប្រគុំតន្ត្រីម្តងទៀតហើយ។
ក្នុងនោះ ការប្រគុំតន្រ្តីលើកនេះ គឺមានឈ្មោះថា Golden Hour ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ នាទីក្រុងសេអ៊ូលផ្ទាល់។ បរិយាកាសនៅក្នុងការប្រគុំតន្រ្តីនេះ គឺពិតជាគួរឱ្យរំជើបរំជួលចិត្តខ្លាំងណាស់ ព្រោះមានការចូលរួមពីសំណាក់មហាជនអ្នកគាំទ្រជាច្រើនកុះករមិនសល់សំបុត្រ ឬ កៅអីឱ្យទំនេរមួយឡើយ សូម្បីតែតារាល្បីៗក៏មានវត្តមាននៅក្នុងនេះដូចគ្នា។
លើសពីនេះទៅទៀត ការតុបតែងរៀបចំឆាក ក៏ដូចជាកន្លែងប្រគុំតន្ត្រីទាំងមូល គឺពិតជាស្រស់ស្អាតខ្លាំងណាស់ ពោលគឺបំពាក់ទៅដោយភ្លើងលម្អយ៉ាងឆើតឆាយទាក់ភ្នែកតែម្តង។
ចំណែកស្រីស្រស់ IU វិញ ក៏រឹតតែលេចធ្លោខ្លាំងទៅទៀត ក្នុងការសម្តែងចម្រៀងមួយបទៗពិតជាអត់ធ្វើឱ្យមហាជនអ្នកគាំទ្រចំហមាត់មិនបានឡើយ ព្រោះទាំងសំឡេងក៏ពីរោះរណ្តំចិត្ត រីឯសម្រស់ក៏ស្រស់ដូចជាទេពធីតា និយាយរួមការប្រគុំតន្ត្រីមួយនេះពិតជាមិនខកចិត្តនោះទេ។
អ្វីដែលរឹតតែពិសេសជាងនេះទៅទៀតនោះគឺ ក្នុងការប្រគុំតន្ត្រីរបស់ IU លើកនេះ គឺពិតជាប្លែកខ្លាំងណាស់ ព្រោះស្រីស្រស់ IU បានធ្វើឱ្យមហាជនរឹតតែរំជួលចិត្តទៅទៀត ដោយនាងថែមទាំងមានការជិះបាឡុងដ៏ធំស្រស់ស្អាតចម្រុះជុំវិញកន្លែងប្រគុំតន្ត្រី បង្ហើរសំនៀងពីលើវេហា ព្រមជាមួយនឹងការជះសម្រស់យ៉ាងចែងចាំងទៀត។
យ៉ាងណាមិញ មហាជនអ្នកគាំទ្រទាំងឡាយ សែនពេញចិត្តតែម្តង ជាមួយការប្រគុំតន្រ្តីរបស់តារាសំណព្វលើកនេះ ហើយក៏សង្ឃឹមថានឹងមានលើកក្រោយទៀតផងដែរ៕