Ananda រៀបរាប់ពីអារម្មណ៍ពិតថ្ងៃដែលសុំគូស្នេហ៍រៀបការ ស្ដាប់ហើយរំភើបចិត្តតាម
កាលពីថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២២ កន្លងទៅនេះ តារាប្រុសវ័យ ៤០ ឆ្នាំ Ananda Everingham បានលុតជង្គង់សុំគូស្នេហ៍រៀបការ ក្រោយមើលចិត្តគ្នាបានជាង ៥ ឆ្នាំ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់អ្នកគាំទ្រយ៉ាងខ្លាំង។
បន្ថែមពីនេះគេបានរកឃើញទៀតថា ថ្ងៃដែល Ananda សុំគូស្នេហ៍រៀបការគឺត្រូវជាថ្ងៃខួបកំណើតនាងផងដែរ ដែលធ្វើឱ្យថ្ងៃនោះហាក់កាន់តែពិសេស និង រ៉ូមែនទិក។
ក្រោយលុតជង្គង់សុំគូស្នេហ៍បានជាង ១ ខែ Ananda ដាច់ចិត្តទម្លាយអារម្មណ៍ជាលើកដំបូងថា ៖ «ពេលដល់ម៉ោងភ្លៀងក៏ចាប់ផ្តើមធ្លាក់មកទៀត ហើយរបស់ដែលត្រៀមរៀបចំទុកក៏ចាប់ផ្តើមរញ៉េរញ៉ៃ ព្រោះតែមានខ្យល់ផងភ្លៀងផង ចិត្តមួយខ្លាចខូចការដែលខំរៀបចំទុក ចិត្តមួយទៀតភ័យញាប់ញ័រ សារភាពត្រង់ៗពេលនោះដៃ និង មាត់ខ្ញុំញ័រនិយាយអ្វីមិនចេញ មិនបាននិយាយដូចការគ្រោងទុក តែក៏ព្យាយាមនិយាយឱ្យខាងស្រីយល់ ហើយឃើញនាងញញឹមគឺមានក្តីសុខណាស់»។
«ជាពិសេសពេលឮនាងនិយាយថា នាងមិនដែលគិត ឬ ស្មានថាថ្ងៃនោះជាថ្ងៃដែលខ្ញុំសុំនាងរៀបការទេ ព្រោះតែយើងធ្លាប់និយាយគ្នាថាមិនបានគិតដល់រឿងរៀបការ មានការងារត្រូវបំពេញរៀងខ្លួន។ យ៉ាងណាយើងក៏មានថ្ងៃនេះ ហើយខ្ញុំក៏ធ្វើវាបានសម្រេច សម្រាប់ពិធីមង្គលការខ្ញុំមិនហ៊ានប្រកាសច្បាស់ៗទេថានៅពេលណា តែពួកយើងគិតថាអាចនឹងនៅឆ្នាំក្រោយនេះឯង តែចាំពេលមានពេលវេលាជាក់លាក់សិនចាំប្រកាស ព្រោះខ្លាចនិយាយហើយធ្វើមិនបាន»៕