រួមការងារជាមួយគ្នាលើកទីមួយ តែ Mario ធ្វើឱ្យ Sam ធ្លោយមាត់និយាយត្រង់ៗបែបនេះ
បើនិយាយពីតារាសម្តែងរូបសង្ហា Mario Maurer មហាជនភាគច្រើនមុខជាបានស្គាល់រួចមកហើយថាលោកគឺជាតារាប្រុសដែលមានរូបសម្រស់ស្រស់សង្ហា ហើយមានទេពកោសល្យ និង សមត្ថភាពក្នុងការសម្តែង ជាពិសេសរាល់ស្នាដៃដែលលោកសម្តែងគឺមានការគាំទ្រខ្លាំង មិនថាជារឿងភាគ ឬ រឿងខ្នាតធំនោះឡើយ។
ថ្មីៗនេះ ស្នាដៃចុងក្រោយរបស់លោក និង តារាស្រី Yaya រឿង «Bad Romeo» ក៏ហាក់ផ្ទុះការគាំទ្រខ្លាំងមិនធម្មតានោះដែរ ដោយមានមតិកោតសរសើរជាច្រើនជុំវិញការសម្តែង និង សាច់រឿងថ្មីប្លែកអារម្មណ៍មួយនេះ។
ក្នុងនោះសូម្បីតារាប្រុស Sam Yuranant ដែលជាតួអង្គសម្តែងមួយរូប ហើយជាតារារៀមច្បងក៏បានចេញមុខកោតសរសើរ Mario ផងដែរ។ ដោយ Sam បានពោលថា ៖ «ក្នុងរឿងជាឪពុកក្មេក និងកូនប្រសា ហើយជាសត្រូវស៊ីសាច់ហុតឈាមគ្នា ព្រោះតែភាពអាត្មានិយម ហើយចង់ឈ្នះរៀងខ្លួន តែក្រៅឆាកគឺជាសិស្សច្បង សិស្សប្អូន ពូក្មួយ»។
«ខ្ញុំសរសើរដល់ Mario មែនទែន ដែលហ៊ានទទួលសម្តែងតួអង្គក្នុងរឿងនេះ Mario ជាតារាសម្តែងប្រុសឆ្នើមមួយរូប ហើយសាច់រឿងមួយនេះគឺត្រូវបត់បែនមានច្រើនរសជាតិ តែក្មេងម្នាក់នេះគឺធ្វើរួចទាំងអស់ អត់ទាល់សោះ បើជំនាន់ខ្ញុំនៅក្មេង Mario ច្បាស់ជាគូប្រជែងដ៏គួរឱ្យខ្លាចមិនខាន (សើច)»។
«ហើយគូប្រជែងនេះជាគូប្រជែងគួរឱ្យខ្លាច គិតមើលរូបសង្ហាមិនបាច់និយាយ ទេពកោសល្យក៏មានពេញខ្លួន ហើយជាមនុស្សមានអត្តចរិតរួសរាយទៀតនៅក្រៅឆាក ជាក្មេងចេះដាក់ខ្លួនស្គាល់ចាស់ទុំ មានចរិតគួរឱ្យស្រឡាញ់ ហើយសរសើរដល់ការតស៊ូដែលចូលសម្តែងតាំងពីក្មេងរហូតមកដល់ពេលនេះ រីករាយណាស់ដែលបានធ្វើការជាមួយគាត់»៕