ផ្អើលទៀតហើយ! Z.tao និង Xu Yiyang ត្រូវគេចាប់បានភស្តុតាងថាលួចណាត់ជួបគ្នា
យោងតាម Sohu បានរាយការណ៍នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២២ នេះថា តារាចិនដ៏ល្បី Huang Zi-tao ឬ Z.tao ត្រូវបានគេចាប់បានថា កំពុងណាត់ជួបជាមួយនឹងតារាស្រីដែលនៅក្នុងក្រុមហ៊ុនតែមួយ គឺ Xu Yiyang។ អំឡុងពេលនោះ តារាទាំងពីរបានទៅផ្សារទំនើបជាមួយគ្នា បន្ទាប់មកបានត្រឡប់មកផ្ទះវីឡារបស់ Z.tao។ ពេលនោះ តារាស្រី Xu Yiyan បានធ្វើកាយវិការស្និទ្ធស្នាល ដូចជារុញថៅកែ Tao ថ្នមៗ។
នេះមិនមែនលើកទី ១ ទេ ដែល Z.tao និង Xu Yiyang ត្រូវគេចាប់បាននោះ ដោយអ្នកទាំងពីរត្រូវបានគេសង្ស័យថាមានទំនាក់ទំនងគ្នាលើសពីថៅកែ និង កូនចៅតាំងពី ២០២០ មកម្ល៉េះ ព្រោះ Yiyang ដែលជាតារាស្រីក្នុងក្រុមហ៊ុន L.TAO Entertainment គ្រប់គ្រងដោយតារាចិនល្បី លោក Huang Zi-tao។
លើសពីនេះ អ្នកទាំងពីរត្រូវបានគេប្រទះឃើញដើរលេងជាមួយគ្នាម្ដងហើយម្ដងទៀត ដោយបង្ហាញភស្តុតាងណាត់ជួបគ្នា ដូចជាក្នុងរូបថតដែលគេថតបាននៅកន្លែងតែមួយ។ ក្រៅពីនេះ គឺរូបថតចិញ្ចៀនដែល Z.tao បានបង្ហោះដែលមានរូបពពែមួយ (អត្ថន័យជាភាសាចិន ពពែត្រូវបានគេហៅថា Yang) ដែលគេជឿថា Yiyang ជាមិត្តស្រីរបស់លោក។
ទោះជាយ៉ាងណា នៅពេលដែលប្រធានបទថា អ្នកទាំងពីរកំពុងមានទំនាក់ទំនងគ្នានោះ តារាប្រុស Z.tao ក៏ធ្លាប់បានចេញមកបដិសេធម្តងមកហើយ ដោយលោកបានបញ្ចេញតាម Status បង្ហាញពីការមិនសប្បាយចិត្តនៅពេលឃើញព័ត៌មានបែបនេះកើតឡើងថា ៖ «ខ្ញុំត្រូវនិយាយយ៉ាងម៉េចវិញ? ត្រូវការបញ្ជាក់ខ្លះតាមការស្មានថាចេញពីរូបថត?»៕