ឆ្លងទន្លេមិនបានប៉ុន្មាន ពេលនេះ Due ទម្លាយគម្រោងដ៏សំខាន់មួយ ពាក់ព័ន្ធកូន និង ប្តី
អស់រយៈពេលជាងមួយខែទៅហើយ ដែលតារាស្រី Due Arisara បានស្វាមគន៍កំណើតកូនប្រុសដំបូងរបស់ខ្លួនជាមួយនឹងស្វាមីជនជាតិតៃវ៉ាន់ ដែលធ្វើឱ្យជីវិតគូរបស់ពួកគេរឹតតែមានក្តីសុខសុភមង្គល។
ក្នុងនោះ Due និង ស្វាមី ពិតជាយកចិត្តទុកដាក់ខ្លាំងណាស់ ជាមួយនឹងកំណើតកូនប្រុសដំបូងរូបនេះ ដោយបានបំពេញតួនាទីជាឪពុកម្តាយយ៉ាងពេញដៃពេញជើងមិនឱ្យខ្វះចន្លោះឡើយ។ សម្រាប់កំលោះតូច Silas វិញ ក៏រឹតតែធ្វើឱ្យឪពុកម្តាយទាំងគូស្រឡាញ់ស្ទើរលេបទៅទៀត ព្រោះតែមុខមាត់របស់គេពិតជាគួរឱ្យស្រឡាញ់ខ្លាំង ហើយមើលទៅក៏ឆ្លាតថែមទៀតផង។
យ៉ាងណាមិញ ខណៈសម្រាលកូនប្រុសបានត្រឹមជាងមួយខែ អ្នកម៉ាក់ Due ក៏បានចាប់ផ្តើមដើរចេញក្រៅទៅកម្មវិធីផ្សេងៗបាត់ទៅហើយ ដែលពិតជាគួរឱ្យសរសើរមែន ហើយថ្មីៗនេះនាងក៏បានចូលរួមកម្មវិធីសម្ពោធផលិតផលថ្មីមួយទៀត រួចក៏ឆ្លៀតឱ្យសម្ភាសអ្នកកាសែតទាក់ទងនឹងរឿងមួយចំនួនផងដែរ។
Due បានឱ្យដឹងថា ជីវិតជាអ្នកម៉ាក់កូនខ្ចីនេះ ដំបូងៗគឺពិតជាហត់នឿយគ្រាន់បើ តែក្រោយមកនាងពិតជាលែងមានអារម្មណ៍ហត់នឿយហើយ ព្រោះបាននៅជិតកូនបែបនេះ គឺមានក្តីសុខខ្លាំងណាស់។ នាងក៏បានបន្តទៀតថា នាងក៏មានគម្រោងត្រៀមទៅរស់នៅឯតៃវ៉ាន់ ជាស្រុកកំណើតរបស់ស្វាមីផងដែរ ព្រោះចង់ឱ្យកូនប្រុសបាននៅជិតលោកតាលោកយាយរបស់គេឱ្យច្រើនជាងនេះ។
មុននេះ ខណៈទើបតែសម្រាលហើយ លោកតាលោកយាយក៏បានហោះពីតៃវ៉ាន់មកមើលចៅហើយដែរ ហើយថែមទាំងបានទាំងឱ្យកាដូចៅប្រុស ជារបស់មានតម្លៃទៀតផង។ នាងបន្តទៀតថា ខាងគ្រួសារញាតិមិត្តផ្សេងៗរបស់ស្វាមីនាង ក៏បានឱ្យកាដូដល់ Silas ដូចគ្នា ហើយម្នាក់ៗពិតជាស្រឡាញ់កំលោះតូចរូបនេះណាស់ ជាពិសេសគឺលោកតា ពិតជាស្រឡាញ់ចៅស្ទើរលេបទៅហើយ៕