ពេលឃើញកូនស្រីផ្ទុះរឿងល្អក់កករនឹងលោក Nawat ស្រាប់តែម្តាយ Engfa លូកមាត់ដូច្នេះភ្លែត
មួយរយៈក្រោយនេះ គេហាក់សង្កេតឃើញថារឿងអាក់អន់ចិត្តរហូតកើតមានជំលោះរវាងម្ចាស់មកុដ Miss Grand Thailand ឆ្នាំ ២០២២ Engfa និង អ្នកគ្រប់គ្រង គឺលោក Nawat ហាក់ធ្វើឱ្យមហាជនចាប់អារម្មណ៍ជាខ្លាំង ជាពិសេសក្រោយមានការបោះពាក្យសម្តីទៅវិញទៅមក។
បើទោះបីជាតារាស្រី Engfa ធ្លាប់បានចេញមុខ Lives បកស្រាយសុំទោសដល់លោក Nawat ក្តី ប៉ុន្តែខាងអ្នកគ្រប់គ្រងហាក់មិនទាន់ទន់ចិត្តអភ័យទោសឱ្យនៅឡើយ។
យ៉ាងណាមិញ ពេលនេះម្តាយរបស់ Engfa ក៏បានចេញមុខសុំទោសជំនួសកូនស្រីដល់លោក Nawat ថែមម្នាក់ទៀតដោយពោលថា ៖ «លោក Nawat ចាស ខ្ញុំម៉ែ Bow ម្តាយ Engfa ខ្ញុំសុំទោសជំនួសកូនស្រីខ្ញុំផង កុំខឹងនឹងប្អូនអីណា នាងគោរពស្រឡាញ់មេជានិច្ច គោរពប្រៀបបីដូចជាឪពុកម្នាក់ សូមអភ័យទោសឱ្យប្អូនផងបើសិនជាប្អូនធ្វើឱ្យអាក់អន់ស្រពន់ចិត្តរឿងអ្វី។ ប្អូនត្រឡប់មកវិញហើយថ្ងៃនេះ ហើយប្អូននឹងទៅសុំទោសលោក ម៉ែក៏មានសម្ពាធដូចគ្នាពេលឃើញបែបនេះ»។
«ប្អូនមិនបានទៅណាឆ្ងាយទេ ប្អូនប្រាប់ខ្ញុំណាសុំទៅលម្ហែបន្តិច ហើយខ្ញុំមិនដឹងថាមានរឿងអ្វីកើតឡើងទេ តែក៏សុំទោសចេញពីចិត្តណា ស្រឡាញ់មេ Nawat មេត្តាប្អូនផងចុះ នាងជាក្មេងល្អ អាចគិតឬសម្រេចចិត្តបែបក្មេងៗពេលខ្លះ តែប្អូនមិនដែលគិតធ្វើអាក្រក់ឬបង្ករឿងឱ្យអ្នកណាទេ ម៉ែសុំធានា ស្រឡាញ់ និង គោរពលោក Nawat»៕