ផ្អើលអ្នកគាំទ្រ ពេលឃើញ Bella លេចមុខជាមួយសេដ្ឋីឡាវសង្ហាម្នាក់ ក្រោយទុកបេះដូងទំនេរជិត ១ ឆ្នាំ
ចាប់តាំងពីទុកបេះដូងឱ្យទំនេរអស់រយៈពេលជាយូរមក តារាស្រីរូបស្រស់ Bella Ranee ហាក់កាន់តែធ្វើឱ្យមហាជនអ្នកគាំទ្រចាប់ក្រសែភ្នែកសម្លឹងមើលនាងលើសដើម ដោយម្នាក់ៗមិនត្រឹមតែរង់ចាំមើលភាពជោគជ័យរបស់នាងនោះទេ តែក៏ទន្ទឹងរង់ចាំមើលដូចគ្នាថា តើបុរសរូបណានឹងចូលមកស្អំបេះដូងរបស់នាង។
តួយ៉ាង មួយរយៈចុងក្រោយនេះតែម្តង នាងត្រូវមហាជនអ្នកគាំទ្រផ្គូផ្គងជាមួយតារាប្រុសរូបនេះរូបនោះមករហូត តែនាងនៅពុំទាន់បើកបេះដូងនៅឡើយទេ។ ដោយឡែក ថ្មីៗនេះ តារាស្រីស្រស់រូបនេះកាន់តែធ្វើឱ្យអ្នកគាំទ្រសម្លឹងមើល និង ជ្រួលច្របល់ចាប់គូឱ្យនាងទៀតហើយ ខណៈនាងបានលេចមុខថតនៅក្នុងគណនី TikTok របស់មហាសេដ្ឋីប្រទេសឡាវវ័យក្មេងដ៏ស្រស់សង្ហាម្នាក់។
ក្រោយឃើញបែបនេះ អ្នកគាំទ្រនាំគ្នាខមមិនព្រោងព្រាតថា នាង និង អ្នកកំលោះវ័យក្មេងរូបនេះមុខស្រដៀងគ្នា ស័ក្តិសមគ្នា គិតស្មានតែនាងបង្ហាញមុខគូស្នេហ៍ថ្មី។ មួយវិញទៀត ក៏មានអ្នកចូលមកបញ្ចេញមតិបើកទម្លាយពីប្រវត្តិរបស់អ្នកកំលោះរូបសង្ហានោះផងដែរ ដោយរូបគេឈ្មោះ វីន និង ជាថៅកែអនឡាញល្បីនៅប្រទេសឡាវ ដូច Pimrypie អ៊ីចឹង ដែលប្រជាជនឡាវហៅថា សេដ្ឋីវ័យក្មេង៕