កម្សត់ជាងគេ! ស៊ីម ច័ន្ទស្រីមុំ ទៅដល់អេហ្ស៊ីបស្ងាត់ៗ ដើម្បីតំណាងកម្ពុជាប្រកួត Miss Intercontinental ២០២២
នៅពេលនេះកម្មវិធីប្រកួតសម្រស់ដ៏ធំ Miss Intercontinental ២០២២ កំពុងតែបើកឆាកប្រកួតហើយ ដោយកម្មវិធីបានធ្វើឡើងនៅទីក្រុង Sharm El Sheik ប្រទេសអេហ្ស៊ីប។ មកទល់ថ្ងៃនេះដែរមានបេក្ខភាពជាច្រើនបានធ្វើដំណើរទៅដល់ទីតាំងប្រកួតប្រជែងហើយ ក្នុងនោះក៏មានវត្តមានបវរកញ្ញាតំណាងប្រទេសកម្ពុជាដូចគ្នាគឺ កញ្ញា ស៊ីម ច័ន្ទស្រីមុំ។
កញ្ញា ស៊ីម ច័ន្ទស្រីមុំ ជាលំដាប់រងទី ១ នៃកម្មវិធី Miss World Cambodia ២០២១ ខណៈនេះនាងបានតំណាងឱ្យប្រទេសកម្ពុជាចូលរួមប្រកួត Miss Intercontinental ២០២២។ បវរកញ្ញារូបនេះបានចាកចេញពីទៅប្រកួតកាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២២ ដោយពេលនេះនាងបានធ្វើដំណើរទៅដល់យ៉ាងសុខសុវត្ថិភាពហើយ។
ទន្ទឹមនឹងការទៅដល់ប្រទេសអេហ្ស៊ីបនោះ គេឃើញថាបវរកញ្ញាខ្មែររូបនេះមានភាពរួសរាយរាក់ទាក់ណាស់ នាងបានព្យាយាមផ្សាភ្ជាប់ទំនាក់ទំនងជាមួយនឹងបណ្ដាបេក្ខភាពបវរកញ្ញាប្រទេសដទៃយ៉ាងជិតស្និទ្ធ។ ជាពិសេស អ្វីដែលធ្វើឱ្យមហាជនរំភើបចិត្តនោះ ខណៈទៅដល់ប្រទេសអេហ្ស៊ីបភ្លាម នាងបានកាន់ទង់ជាតិប្រទេសកម្ពុជាថតបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក និង អ៊ីនស្តាក្រាម ដែលបញ្ជាក់ថាស្ត្រីកម្ពុជាក៏មានសមត្ថភាពឈរលើឆាកអន្តរជាតិផងដែរ៕