ក្រោយជួបព្យុះភ្លៀងធំ ពេលនេះ Han lay មានពន្លឺជីវិតថ្មី បានសិទ្ធិរស់នៅប្រទេសកាណាដាហើយ
ជឿជាក់ថាប្រិយមិត្តច្បាស់ជានៅចាំជាក់ជាមិនខាន Miss Grand មីយ៉ាន់ម៉ា ២០២០ នាង Han Lay ដែលជាបវរកញ្ញាក្លាហានម្នាក់បានឡើងនិយាយពីស្ថានភាពប្រទេសអំឡុងពេលមេដឹកនាំយោធាធ្វើរដ្ឋប្រហារនៅលើឆាកប្រកួត Miss Grand International ២០២០ នាពេលកន្លងទៅ។
ជាមួយនឹងការឡើងនិយាយចំៗពីបញ្ហាប្រទេសជាតិនេះ Han Lay មិនអាចវិលចូលប្រទេសរបស់ខ្លួនបានឡើយ ដោយខ្លាចកងទ័ពយោធាដែលកាន់អំណាចចាប់ខ្លួន ព្រោះនាងបានប្រើប្រាស់ឥទ្ធិពលសំឡេងរបស់នាងចំៗក្នុងការរិះគន់ទៅលើរដ្ឋាភិបាលយោធា ដោយនាងមិនគាំទ្រនូវការឡើងកាន់អំណាចនេះឡើយ។
អស់រយៈពេល ២ ឆ្នាំ ហើយដែលបវរកញ្ញារូបនេះត្រូវបានរស់នៅទាំងសម្ពាធ តែយ៉ាងណានាងត្រូវបានទទួលការយកចិត្តទុកដាក់ខ្លាំងពីស្ថាប័នប្រកួត Miss Grand International ជាពិសេសលោក Nawat ដែលជាគណៈគ្រប់គ្រងកម្មវិធីបានមើលថែយ៉ាងល្អ។
តួយ៉ាងកាលពីព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ ពិតបានធ្វើឱ្យមហាជនអ្នកគាំទ្របវរកញ្ញាមីយ៉ាន់ម៉ា ក្នុង និង ក្រៅប្រទេសមានការរំភើបចិត្តជាខ្លាំង បន្ទាប់ពីលោក Nawat បានចេញមកប្រកាសថា Han Lay នឹងត្រូវទៅរស់នៅផ្តើមជីវិតថ្មីលើទឹកដីប្រទេសកាណាដា ដែលជាទឹកដីមានសុខសន្តិភាព និង ប្រជាធិបតេយ្យយ៉ាងពិតប្រាកដ។
លើសពីនោះលោកក៏បន្តថា Han Lay អាចនឹងឡើងលើកឆាកប្រកួត Miss Grand International ម្តងទៀត ដែលតំណាងឱ្យប្រទេសកាណាដាដែលជាប្រទេសទី ២ របស់នាង។ ដ្បិតមានឧបសគ្គបន្តិចបន្ទួចមែន តែពេលនេះនាងបាននៅទីកន្លែងដែលមានសេរីភាពយ៉ាងពិតប្រាកដហើយ។ ងាកមកមើលអ្នកគាំទ្រវិញ បន្ទាប់ពីឮដំណឹងពិតនាំឱ្យពួកគេសប្បាយរីករាយជំនួស Han Lay ខ្លាំងណាស់ដែលទទួលបានការជ្រោមជ្រែងពីស្ថាប័ន Miss Grand International ៕