ស្ងាត់ៗ Mo Amena លួចដៀមដាមប៉ុន្មានម៉ាត់នេះទៅម្តាយ Tangmo អ្នកគាំទ្រឮហើយពេញចិត្តខ្លាំង
ការស្លាប់ភ្លាមៗរបស់តារាស្រី Tangmo បានធ្វើឱ្យមហាជនអ្នកគាំទ្រពិតជានឹកសោកស្តាយមិនអស់ចិត្តនោះទេ ព្រោះធ្លាប់តែឃើញរូបនាងបម្រើអារម្មណ៍នៅក្នុងរឿងភាគ ព្រមទាំងកម្មវិធីកម្សាន្តផ្សេងៗ មិនគួរណាមកចាកចេញគ្មានថ្ងៃត្រឡប់យ៉ាងទាន់ហន់បែបនេះឡើយ។
យ៉ាងណាមិញ Tangmo ក៏បានចាកចេញទៅជាង ៧ ខែទៅហើយ ខណៈមូលហេតុនៃការស្លាប់របស់នាងហាក់នៅមិនច្បាស់លាស់ស្រពិចស្រពិលនៅឡើយ ហើយអ្វីរឹតតែធ្វើឱ្យមហាជនតឹងទ្រូងហួសចិត្តទៅទៀតនោះ គឺថ្មីៗនេះម្តាយរបស់នាងព្រមទទួលយកប្រាក់សំណងពីជនសង្ស័យលើទូក ទាំង ៦ នាក់ចំនួនជាង ៥ ម៉ឺនដុល្លារ ព្រមទាំងឆ្លៀតការពារទៀតថា ពួកអ្នកទាំង ៦ នេះ ពិតជាមិនមានបំណងសម្លាប់កូនស្រីរបស់ខ្លួនឡើយ។
ទង្វើមួយនេះ ពិតជាធ្វើឱ្យមហាជនអ្នកគាំទ្រមួយចំនួនក្តៅក្រហាយមិនសុខចិត្តជាខ្លាំង ក្នុងនោះតារាស្រី Mo Amena ដែលជាមិត្តភក្តិជិតស្និទ្ធជាងគេជាមួយនឹង Tangmo ក៏ទ្រាំមិនបានដូចគ្នា រហូតដល់ឆ្លៀតបង្ហើរសម្តីប៉ុន្មានម៉ាត់ទៅកាន់ម្តាយរបស់ Tangmo។
ក្នុងនោះ កាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ Mo បានផុសរូបភាពរបស់ខ្លួនជាមួយនឹងសមាជិកគ្រួសារនៅតាមបណ្តាញសង្គម ព្រមទាំងឆ្លៀតដាក់ Caption បែបនេះថា ៖ «សេចក្តីស្រឡាញ់របស់ក្រុមគ្រួសារ វាមានតម្លៃខ្លាំងជាងមាសជាងប្រាក់ ទោះឱ្យប្តូរជាមួយអ្វីក៏មិនព្រមដែរ» ។ យ៉ាងណាមិញ ក្រោយពីឃើញផុសមួយនេះហើយ មហាជនអ្នកគាំទ្រក៏ចូលខមមិនដោយការពេញចិត្តតែម្តង ព្រោះមើលទៅហាក់ដូចជាត្រូវជាមួយនឹងរឿងម្តាយ Tangmo ណាស់៕