Pettie ទម្លាយអារម្មណ៍ជាលើកដំបូង ក្រោយត្រូវគូស្នេហ៍សុំរៀបការក្នុងវត្តបានជាង ២ សប្ដាហ៍
កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ គូស្នេហ៍តារាប្រុសស្រី Dan និង Pettie ដែលជាគូស្នេហ៍ទាក់ទងមើលចិត្តគ្នាជាង ១០ ឆ្នាំ បានលុតជង្គង់បំពាក់ចិញ្ចៀនសុំរៀបការបង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់អ្នកគាំទ្រ ព្រោះតែគ្រប់គ្នាហាក់ទន្ទឹងរង់ចាំពេលនេះជាយូរមកហើយ។
យ៉ាងណាមិញ ក្រោយត្រូវគូស្នេហ៍សុំរៀបការបានជាង ២ សប្តាហ៍ Pettie បានទម្លាយអារម្មណ៍ជាលើកដំបូងថា ៖ «ថ្ងៃនោះបរិយាកាសល្អខ្លាំងណាស់ ហើយវាជាពេលយើងកំពុងដើរលេងក្នុងវត្ត បន្ទាប់ពីតាំងសមាធិធ្វើឱ្យអារម្មណ៍ស្ងប់រួច។ មិនដែលគិតទុកសោះថាកន្លែងហ្នឹងក្លាយជាកន្លែងដែលត្រូវបង Dan លុតជង្គង់សុំរៀបការ»។
«មុនដំបូងគឺបង Dan គាត់មកប្រើឱ្យខ្ញុំជួយបង្ហោះដ្រូន ហើយខ្ញុំនេះក៏រាងភ័យ ព្រោះតែមិនសូវចេះបើកដ្រូន ហើយក៏សួរគាត់វិញថាបងចង់ថតបែបណា ហើយគាត់ក៏គិតតែឆ្លើយថាថតទៅៗ លុះពេលបែរមកសួរចំមុខគាត់ ឃើញគាត់លុតជង្គង់ហើយបាត់ ខ្ញុំចាំមិនបានទេថាគាត់និយាយអ្វីខ្លះព្រោះភាំង ចាំបានតែថាគាត់សុំរៀបការ ចាំមិនបានថាខ្លួនឯងឆ្លើយយ៉ាងម៉េច ទាល់តែត្រឡប់ទៅមើលឃ្លីបវីដេអូសាថ្មី ដឹងតែថាចុងក្រោយខ្ញុំហុចដៃព្រមឱ្យគាត់ពាក់ចិញ្ចៀន តែត្រចៀកគឺនៅហឹង អារម្មណ៍នៅវិលវល់ រំភើបបន្ដិច ចង់យំបន្ដិច ភ័យបន្ដិចពិបាកនិយាយ តែក៏សប្បាយចិត្ត»។
«រាល់ដងឱ្យតែពេលនិយាយដល់រឿងរៀបការ ចម្លើយចុងក្រោយរបស់ពួកយើងក៏បានត្រឹមថាមិនអីទេៗ ទាំងដែលយើងទាក់ទងគ្នា ១៣ ឆ្នាំហើយ បើទោះបីត្រូវរៀបការមិនបាច់ធ្វើឱ្យភ្ញាក់ផ្អើលក៏បាន តែចុងក្រោយបង Dan ក៏ធ្វើឱ្យភ្ញាក់ផ្អើលខ្លាំង ហើយខ្ញុំគិតថាខាងប្រុសគាត់គិតមិនតិចទេទម្រាំរៀបចេញមកបែបនេះ អរគុណខ្លាំងមែនទែនដែលគាត់មើលថែខ្ញុំបានយ៉ាងល្អ ហើយអរគុណដល់គ្រប់គ្នាដែលចូលរួមបញ្ចេញមតិអបអរ ខ្ញុំអានគ្រប់ការបញ្ចេញមតិ។ ចំពោះរឿងពេលរៀបការ គឺពួកយើងនៅដេញពេលានៅឡើយ ថាហោរាសាស្ត្ររបស់ពួកយើងពេលល្អនៅឆ្នាំណា មិនទាន់ច្បាស់ទេថានៅឆ្នាំណា តែក្នុងចិត្តលួចគិតដល់ការរៀបចំពិធីខ្លះៗហើយចាស ក្នុងចិត្តចង់រៀបការបែបសប្បាយៗ Chill Chill បើបាននៅមាត់សមុទ្រហើយអាចនាំឆ្កែខ្ញុំទៅបានទៀតកាន់តែល្អ តែនឹងលម្អិតជូនពេលក្រោយ ពេលទាំងសងខាងសម្រេចចិត្តរួមគ្នាហើយ»៕