ផ្អើលជាថ្មី! Gigi និង Leonardo ប្រទះឃើញនៅសណ្ឋាគារតែមួយ អំឡុងពេលនៅប៉ារីស
តារាម៉ូដែល Gigi Hadid និង តារាសម្ដែងប្រុស Leonardo DiCaprio បានកំពុងធ្វើឱ្យអ្នកគាំទ្រជ្រួលច្របល់ទៀតហើយ ក្រោយពួកគេទាំង ២ នាក់ត្រូវបានប្រទះឃើញចាកចេញពីសណ្ឋាគារដ៏ប្រណីត Hotel Le Royal Monceau ដូចគ្នា នាទីក្រុងប៉ារីស កាលពីថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅ។
តាមការចេញផ្សាយរបស់សារព័ត៌មាន Dailymail បានឱ្យដឹងថា តារាម៉ូដែល Gigi ដែលមកចូលរួមកម្មវិធី Paris Fashion Week នោះ បានទៅដល់សណ្ឋាគារដែលនាងស្នាក់នៅនាវេលាម៉ោង ១០ យប់ មុនពេលតារាសម្ដែង Leonardo ត្រូវបានប្រទះឃើញចាកចេញពីសណ្ឋាគាររបស់នាងនោះនៅមុនថ្ងៃរះ។ បើតាមព័ត៌មានបានឱ្យដឹងទៀតថា តារាប្រុស Leonardo បានបន្តទៅក្លឹប ឬ បាចាយពេលយ៉ាងរីករាយពេញមួយយប់ មុនវិលត្រឡប់ទៅកន្លែងស្នាក់នៅរបស់់លោកវិញនាសណ្ឋាគារ Costes Hotel។
គួររំឭកផងដែរថា នាពេលថ្មីៗកន្លងទៅនេះ សារព័ត៌មានបរទេសជាច្រើនបានស្រង់សម្ដីប្រភពជិតស្និទ្ធនឹង Gigi និង Leonardo ដែលទម្លាយថា ពួកគេទាំង ២ ពិតជាកំពុងទាក់ទងមើលចិត្តថ្លើមគ្នាមែន។ ទោះជាយ៉ាងណា ចំពោះសាមីខ្លួនទាំង ២ វិញ គឺនៅមិនទាន់បានចេញមុខមកបញ្ជាក់ជាសាធារណៈនោះឡើយ បើទោះបីជាពួកគេត្រូវបានប្រទះឃើញបង្ហាញវត្តមានជាមួយគ្នាប៉ុន្មានលើកហើយក៏ដោយ៕