ខ្ជិលបកស្រាយច្រើន Aom ត្រូវគូស្នេហ៍ហាយសូរ ដឹកដៃទៅជួបគ្រួសារបញ្ចប់ពាក្យចចាមអារ៉ាម
អស់រយៈពេលជិត ៥ ឆ្នាំហើយ ដែលតារាស្រីសម្ដែងស្រីរាងតូចច្រឡឹង Aom Sushar បានប្រកាសចំណងស្នេហាជាមួយលោក Amp Ongkosit ដែលជាបុរសអ្នកជំនួញហាយសូរម្នាក់ មានទ្រព្យសម្បត្តិច្រើនហូរហៀរ និង មានរូបរាងស្រស់សង្ហា។
ថ្មីៗនេះ ចំណងស្នេហ៍អ្នកទាំងពីរហាក់រង្គោះរង្គើ ក្រោយមានផ្ទុះពាក្យចចាមអារ៉ាមថាអ្នកទាំងពីបានចែកផ្លូវគ្នាស្ងាត់ ដែលធ្វើឱ្យមានការជជែកវែកញែកព្រោងព្រាតពីសំណាក់អ្នកគាំទ្រ បើទោះបីជា Aom ធ្លាប់ចេញមុខច្រានចោលថាវាមិនពិត តែមហាជនហាក់នៅតែមិនអស់ចិត្ត ព្រោះតែគេខានឃើញអ្នកទាំងពីទៅណាមកណាជាមួយគ្នាអស់ពេលជាយូរ។
យ៉ាងណាមិញ ដើម្បីបញ្ចប់ចចាមអារ៉ាមបែកគ្នា នៅយប់ថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២២ កន្លងទៅនេះ ត្រូវជាថ្ងៃខួបកំណើតរបស់គូស្នេហ៍របស់ Aom ផងនោះ គេសង្កេតឃើញតារាស្រីរូបនេះបានបណ្ដើរគូស្នេហ៍ទៅញ៉ាំអាហារពេលល្ងាចឆ្លងខួបយ៉ាងរីករាយ ជាពិសេសការញ៉ាំអាហារឆ្លងខួបលើកនេះគឺមិនមែនមានតែអ្នកទាំងពីរតែពីរនាក់នោះឡើយ គឺមានក្រុមគ្រួសារខាងប្រុសមកអង្គុយរួមតុថែមទៀត។
ឃើញបែបនេះអ្នកគាំទ្រជាច្រើនក៏បានផ្លាស់ប្តូរការគិតពីចចាមអារ៉ាមបែកគ្នា មកហាក់សង្ស័យថា Aom និង គូស្នេហ៍អាចមានដំណឹងល្អឆាប់ៗ ក្រោយនាងត្រូវបានណែនាំឱ្យគ្រួសារខាងប្រុសបានស្គាល់ជាផ្លូវការបែបនេះ៕