ទីបំផុត! តួយូរីក្នុងរឿង «Girl from Nowhere» បកស្រាយច្បាស់ៗ ពីទំនាក់ទំនងខ្លួនជាមួយ Bright ហើយ
ប្រិយមិត្តដែលនិយមតាមដានរឿងភាគថៃ ប្រាកដជាបានស្គាល់មកហើយពីតារាស្រី Ning Chanya ព្រោះនាងជាតួស្រីម្នាក់ដែលទទួលបានការគាំទ្រខ្លាំង តាមរយៈការសម្តែងរឿង «Girl from Nowhere» ជាតួអង្គនាង យូរី។
ជាពិសេស អ្វីដែលមហាជនផ្ទុះការចាប់អារម្មណ៍ខ្លាំងនោះគឺ ថ្មីៗនេះមហាជនបែរដាក់ការសង្ស័យថា តារាស្រី Ning Chanya កំពុងតែមានទំនាក់ទំនងស្នេហ៍លួចលាក់ជាមួយតារាប្រុសវ័យក្មេង Bright Vachirawit ខណៈបែកធ្លាយរូបភាពដ៏គួរឱ្យសង្ស័យជាច្រើនសន្លឹកជាមួយគ្នានាពេលកន្លងមក។
យ៉ាងណាមិញ ជុំវិញរឿងរ៉ាវមួយនេះដែរ ពេលនេះត្រូវបានទម្លាយការពិតហើយ បន្ទាប់ពីតារាស្រីរូបស្រស់ Ning Chanya បានឆ្លើយតបទៅកាន់សំនួរដែលអ្នកគាំទ្របានសួរនាងយ៉ាងចាក់ដោតនៅក្រោមការបង្ហោះរបស់នាងថា ៖ «អ្នកជាសង្សាររបស់ Bright ពិតឬអត់?»។ ភ្លាមនោះ Ning Chanya បានតបដោយឥតស្ទាក់ស្ទើរថា ៖ «អត់ទេ»។
តែទោះជាយ៉ាងណា បើទោះបីជាតារាស្រីរូបនេះបានឆ្លើយតបបែបនេះហើយក៏ដោយ សម្រាប់ចិត្តមហាជនអ្នកគាំទ្រវិញ ក៏នៅតែចង់ដឹងឱ្យច្បាស់ៗចេញពីមាត់តារាប្រុស Bright វិញដូចគ្នា៕