ឃើញសម្ដែងដូចស្រួលៗ តែតាមពិត Wayne Lai ដើរតួប៉ាជេ ជួបបញ្ហាលំបាកៗទាំងនេះ
កាលពីថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២២ តារាសម្ដែងហុងកុង Wayne Lai បានបង្ហោះរូបថតនៅពីក្រោយឆាកដែលគាត់បានតែងខ្លួនជាតួអង្គ ប៉ាជេ ក្នុងរឿង «Dai Dream Journey to the West: Marble Mount» ឬ «មហាទេព ស៊ុន អ៊ូខុង»។ បើតាមតារាហុងកុងរូបនេះ ការតែងខ្លួនជាតួអង្គប៉ាជេ ត្រូវចំណាយពេលជាង ១ម៉ោង។
បើនិយាយដល់ត្រចៀកសត្វជ្រូកដែលលោកបានពាក់គឺធ្វើចេញពីកៅស៊ូ ហើយត្រចៀកទាំងសងខាងនេះត្រូវប្រើកាវដើម្បីភ្ជាប់ទៅចម្រុះ និង ត្រចៀកពិតប្រាកដរបស់តារាប្រុសរូបនេះ។ បន្ទាប់មកទៀត គេបានប្រើម្សៅលាបពណ៌ស្បែកឱ្យរលោង ដើម្បីកុំឱ្យមើលទៅមិនស៊ីគ្នានិងពណ៌បន្ទះកៅស៊ូ។
ចំណែកឯ សក់ និង ក្បាលពោះក្លែងក្លាយដែលតារាសម្ដែង Wayne Lai បានពាក់នោះ គឺត្រូវការមនុស្សចំនួន ៤នាក់ ដើម្បីជួយ។
យ៉ាងណាមិញ តារាសម្ដែងរូបនេះ បានទម្លាយថា គាត់ធ្លាប់បានបដិសេធម្ដងហើយម្ដងទៀត ចំពោះការធ្វើជាតួអង្គ ប៉ាជេ ដោយសារតែអាយុរបស់គាត់ច្រើន ហើយពេលវេលាតែងខ្លួនត្រូវចំណាយពេលយូរ និងអស់កម្លាំង។ ប៉ុន្តែដោយសារតែមានមនោសញ្ចេតនាចំពោះផលិតករ រឿង « Dai Dream Journey to the West: Marble Mount» លោកក៏បានផ្លាស់ប្តូរចិត្តវិញ៕